រាជរដ្ឋាភិបាល នឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេសកម្ពុជា នៅប្រាសាទអង្គរវត្ត ក្នុងដើមខែធ្នូនេះ

176

(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនជូនព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

ពិធីនេះនឹងមានការនិមន្តចូលរួមដោយព្រះសង្ឃ និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិកាកិច្ច បានឲ្យដឹងក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំពិធីនៅក្នុងថ្ងៃទី២១ ខែវិច្ឆិកានេះថា ដោយអនុវត្តតាមមតិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនប្រទេស និងប្រជាពលរដ្ឋកម្ពុជា តាមការប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ការរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅលើទឹកដីអង្គរខេត្តសៀមរាបនេះ ព្រោះថាអង្គរជាទឹកដីអច្ឆរិយៈ មានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបុព្វបុរសសម័យមុនបន្សល់ទុក។ ដូច្នេះពិធីបួងសួងនេះ ក្រៅពីសេចក្តីសុខចម្រើនសម្រាប់កម្ពុជា និងប្រជាពលរដ្ឋ ក៏ជាការដឹងគុណដល់បុព្វបុរស ដែលបន្សល់ទុកនូវប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលកម្ពុជាត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង់ដើម្បីជាការដឹងគុណផងដែរ។ ដោយក្នុងពិធីបួងសួងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងមានការរាប់បាត្រ ដោយមានព្រះសង្ឃចំនួន ៥០០០អង្គនិមន្តចូលរួមផងដែរ៕

Comments

comments