សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោកនៅព្រឹកនេះ

139

ជាមួយការជូនដំណឹងពីការអញ្ជើញចូលរួមកិច្ចសន្ទនាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរជាជនរួមជាតិ ព្រមទាំងបង្ហាញពីសុខភាពរបស់សម្តេចផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីថា សុខភាពសម្តេចល្អជាធម្មតា បើទោះបីអាកាសធាតុនៅទីក្រុងប៉េកាំងត្រជាក់ខ្លាំងក្រោមសូន្យអង្សាក៏ដោយនោះ។

សម្តេចតេជោ បានឲ្យដឹងដែរថា នៅក្នុងបន្ទប់នៃកិច្ចប្រជុំត្រូវបានរៀបចំឡើងនៅក្នុងអគារធំៗ ហើយមានម៉ាស៊ីនកម្តៅគ្រប់គ្រាន់ផងដែរ។

សូមបញ្ជាក់ថា កិច្ចសន្ទនារវាងបក្សកុម្មុនីស្តចិន និងបក្សនយោបាយនានាមកពីលើពិភពលោក គឺជាកិច្ចសន្ទនាមួយដែលរៀបចំឡើងដោយប្រទេសចិន ហើយនេះក៏ជាកិច្ចសន្ទនាលើកដំបូងផងដែរ។ កិច្ចសន្ទនានេះធ្វើឡើងក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»

សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះផងដែរ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

តាមការគ្រោងទុកសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយហោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបតែម្តង ដើម្បីចូលរួមពិធីបួងសួងសូមសេចក្តីសុខ និងសេចក្តីចម្រើនជូនជាតិកម្ពុជានៅមុខប្រាសាទអង្គរ ដែលនឹងធ្វើឡើងនៅមុខប្រាសាទអង្គរ៕

Comments

comments