នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមការងារល្អៗ នៅក្នុងទីផ្សារអាស៊ាន និងអាចក្លាយទៅជាអ្នកជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងបែបនេះក្នុងពិធីប្រគល់រង្វាន់ ដល់និស្សិតជ័យលាភី នៃកម្មវិធីល្បងប្រាជ្ញាពិសេស ស្តីពីអាស៊ានឆ្នាំ២០១៧ (Special ASEAN Quiz 2017) ថា ក្នុងពេលដ៏ខ្លីខាងមុខនេះ យុវជនកម្ពុជាក៏អាចក្លាយទៅជាអ្នកអាជីពក្នុងជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។ វត្តមានរបស់យុវជនយើង កាន់តែច្រើននៅក្នុងទីផ្សារការងារអាស៊ាន គឺកាន់តែប្រសើរ ព្រោះវានឹងបង្ហាញថា កម្ពុជាមានធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់។ លោកបានបញ្ជាក់ថា កម្ពុជាបានរួមចំណែកដ៏សំខាន់ ក្នុងកិច្ចការការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
កម្ពុជាក៏បានទាញយកអត្ថប្រយោជន៍ជាច្រើនពីសមាហរណកម្មតំបន់ និងពិភពលោកមកអភិវឌ្ឍកម្ពុជា។ ថ្នាក់ដឹកនាំបានត្រួសត្រាយផ្លូវ និងបានរៀបចំមូលដ្ឋាន អភិវឌ្ឍប្រទេសជាតិ យ៉ាងរឹងមាំរួចហើយ។ និស្សិតជាយុវជន ជាថ្នាក់ដឹកនាំជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងរៀបចំខ្លួន ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តវេន និងរក្សាសមិទ្ធិផល ដែលសម្រេចបាន។ យុវជនត្រូវចងចាំថា ការអភិវឌ្ឍអាចដំណើរការទៅបាន ដរាបណាមានសន្តិភាព យុវជនមានភារកិច្ច ការពារសន្តិភាពនេះឲ្យបានដាច់ខាត។ ការបើកទូលាយទីផ្សារអាស៊ាននេះនឹងផ្តល់ជាឱកាសការងារច្រើនដល់ក្មួយៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ បើតាមស្ថិតិឆ្នាំ២០១៥ អាស៊ានមានប្រជាជនចំនួន ៦២៨,៩០លាននាក់ ដែលក្នុងនោះ យុវជនមានអាយុចន្លោះពី ១៥ទៅ២៩ឆ្នាំ មានចំនួន ១៦១,១១លាននាក់ ស្មើនឹង ២៥,៦១ភាគរយ ហើយដែលក្នុងនេះដែរ យុវជនកម្ពុជាមានចំនួន ៤,៨១លាននាក់។ នេះជាតួលេខដ៏ធំមួយដែលបញ្ជាក់ថា អាស៊ានជាតំបន់មានយុវជនច្រើន ជាធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ ដោយ ដាវ៉ុន