រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ស្នើបង់ក្លាដែសបង្កើតព្រឹត្តិការណ៍ជំនួបធុរកិច្ច សម្រាប់សហគ្រិនស្ត្រីវ័យក្មេង សហគ្រាសធុនតូច និងធម្យម

106

ថ្លែងនៅក្នុងឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយលោកស្រី សេក្ខ ហាស៊ីណា (SHEIKH HASINA) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបង់ក្លាដែស រួមជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដែស សម្រាប់កិច្ចពិភាក្សាធុរកិច្ចកម្ពុជា-បង់ក្លាដែស ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូកេត្រា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តសភាពាណិជ្ជកម្មប្រទេសទាំងពីរ បង្កើតកម្មវិធី និងព្រឹត្តិការណ៍ជំនួបធុរកិច្ចកាន់តែច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហគ្រិនស្ត្រីវ័យក្មេង និងសហគ្រាសធុនតូច និងមធ្យម។

លោក ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ធ្វើការពង្រឹងកិច្ចសហការជាមួយបង់ក្លាដែស លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពពលករជំនាញ ដើម្បីលើកកម្ពស់ចង្វាក់តម្លៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ បន្ថែមលើនេះ លោក ក៏បានស្នើដល់សហព័ន្ធស្រូវអង្ករកម្ពុជា ពង្រឹងកិច្ចសហការជាមួយបង់ក្លាដែស ដើម្បីវិនិយោគលើវិស័យកសិកម្ម និងនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសបង់ក្លាដេស និងប្រទេសទីបី ដែលកម្ពុជាមានចំណែកទីផ្សារធំ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តល់ដោយប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មទ្វេភាគី ជាមួយបង់ក្លាដែស កម្ពុជាកំពុងពិចារណានាំចូលសំបកបាវបរិស្ថាន 100%របស់បង់ក្លាដែស សម្រាប់ស្តុកអង្កររបស់យើង និងឱសថដែលមានការទទួលស្គាល់ទូទាំងពិភពលោក, សេរ៉ាមិច និងសំបកស្បែក និងស្បែកកែច្នៃ ហើយយើងរំពឹងថាបង់ក្លាដេស នឹងពិចារណានាំចូលទំនិញកសិកម្មរបស់យើងដូចជា ពោត, ម្រេច, ដំឡូងមីស្ងួត, និងគ្រាប់ស្វាយចន្ទី បន្ថែមពីលើអង្ករ។

ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនពីបង់ក្លាដែស មកលើវិស័យអទិភាពមួយចំនួន ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ឆ្នាំ ២០១៤-២០១៨ ។ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រតិភូបង់ក្លាដែស នូវកាលានុវត្តភាព, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, បរិយាកាសធុរកិច្ច និងវិនិយោគ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារសំខាន់ៗរបស់កម្ពុជាផងដែរ៕

Comments

comments