បញ្ហាកាន់តែ​ផុយស្រួយ ខណៈលោក ដូណាល់ ត្រាំ មិនទាន់ហ៊ានសម្រេចចិត្ត​រឿង​ផ្លាស់ប្តូរ ស្ថានទូតនៅ​អ៊ីស្រាអែល…

181

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងមិនទាន់ប្រកាស​ពី​ការសម្រេចចិត្ត​ តាមពេលវេលា​កំណត់នាថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (ពេលវេលា​នៅ​អាមេរិក) ថាតើរូបលោក​នឹងពន្យាពេលលើ​ការផ្លាស់ប្តូរស្ថានទូត​អាមេរិក ប្រចាំប្រទេស​អ៊ីស្រាអែល ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម​ដ៏ចម្រូងចម្រាស​ដែរ ឬយ៉ាងណា​ឡើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​អង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន នៅលើ​យន្តហោះពិសេស Air Force One របស់​ប្រធានាធិបតីអាមេរិក ស្របពេល​លោក ដូណាល់ ត្រាំ កំពុងវិល​ត្រឡប់ពីដំណើរ​​ទស្សន​កិច្ច​មួយ​នៅ​ឯរដ្ឋ Utah អ្នកនាំពាក្យ​សេតវិមាន លោក Hogan Gidley បានឲ្យដឹងថា សេចក្តី​ប្រ​កាស​អំពីការ​សម្រេចចិត្ត​ ជុំវិញបញ្ហាខាងលើ នឹងត្រូវបានធ្វើឡើង​នៅក្នុងពេល​ប៉ុន្មានថ្ងៃខាង​មុខវិញ។

តាមពិតទៅលោក ដូណាល់ ត្រាំ ត្រូវធ្វើការ​សម្រេចចិត្តថា តើនឹង​ចុះហត្ថលេខាពន្យាពេល ការរុះរើស្ថានទូតរបស់​សហរដ្ឋអាមេរិក​ ពីទីក្រុងតែល​អាវីវ (Tel Aviv) ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម (Jerusalem) សម្រាប់រយៈពេល ០៦ខែ​ទៀតដែរ ឬយ៉ាងណា ដោយ​​ទង្វើនេះ​នាពេល​កន្លងមក តែងត្រូវធ្វើឡើង​ដោយគ្រប់ប្រធានាធិបតី​អាមេរិក​ទាំងអស់ ចាប់តាំងពី​សភាអាមេរិក បានអនុម័ត​ច្បាប់​មួយលើ​បញ្ហានេះ កាលពី​ឆ្នាំ១៩៩៥មក។

ជុំវិញការសម្រេច​ខាងលើ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក​មួយចំនួន​បានបង្ហើបឲ្យ​ដឹងថា លោក ត្រាំ ទំនងជានឹងថ្លែង​សុន្ទរកថាមួយ​នាថ្ងៃពុធសប្តាហ៍នេះ ដែលនឹងទទួល​ស្គាល់ជា​ឯកតោភាគី​ ចំពោះទីក្រុង​ហ្សេរុយសាឡឹម​ថាជា រដ្ឋធានីរបស់​អ៊ីស្រាអែល ដោយ​​ការបោះ​ជំហាននេះ នឹង​បំផ្លិចបំផ្លាញ​គោលនយោបាយ​រាប់ទសវត្សរ៍​របស់អាមេរិក ហើយបង្កឲ្យ​មានអំពើហិង្សា​កាន់តែខ្លាំង​​ថែម​ទៀត​នៅមជ្ឈិមបូព៌ា ក៏ប៉ុន្តែមន្រ្តី​ទាំងនេះ បាន​បញ្ជាក់ថា ពុំទាន់មាន​ការសម្រេចចិត្ត​ចុងក្រោយ​ណាមួយ ត្រូវបានធ្វើ​ឡើង​នៅ​​ឡើយទេ។

គួរជម្រាបថា ជនជាតិ​ប៉ាឡេស្ទីន ចង់បាន​ភាគខាងកើត​ក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​នៃរដ្ឋនាពេល​អនាគតរបស់​ពួកគេ ហើយ​ម៉្យាង​វិញទៀត សហគមន៍​អន្តរជាតិ មិនមានការទទួល​ស្គាល់ចំពោះ ការទាមទាររបស់​អ៊ីស្រាអែល ទៅលើទឹកដី​ទាំងមូល​នៃ​ក្រុង​ដ៏​ពិសិដ្ឋ​​​សម្រាប់​សាសនាជ្វីប, មូស្លីម, និងគ្រិស្តមួយនេះ​ឡើយ៕

President Donald Trump walks up the steps of Air Force One at Andrews Air Force Base in Md., Saturday, Dec. 2, 2017. Trump is heading to New York to attend Republican fundraisers. (AP Photo/Susan Walsh)

 

Comments

comments