ខ្វល់ចិត្តនឹងកូនប្រុសបាក់ជើងដើរមិនរួច ម្តាយគិតខ្លីបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

150

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់គិតខ្លីដោយសារខ្វាយខ្វល់នឹងសុខភាពរបស់កូនប្រុស ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ជើងដើរមិនរួចបែជាសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ចោលកូន២នាក់និងប្តី យំទួញសោកឱបសពប្រពន្ធ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។ស្រ្តីគិតខ្លីខាងលើមានឈ្មោះ ផៃ សុខន ហៅផៃ ណាត អាយុ៣៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានប្តីឈ្មោះ អ៊ីម ប៊ុនលី អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅភូមិពង្រ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។

photo_2017-06-14_12-22-23

តាមសម្តីបុរសឈ្មោះ ផៃ ភន អាយុ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ មានផ្ទះក្បែរនោះដែរ បានឲ្យដឹងថា កូនៗរបស់គាត់ មិនដែលឈ្លោះប្រកែកគ្នាអ្វីគួរឲ្យចាប់អារម្មណ៍ ទើបតែមួយរយៈនេះ កូនប្រុសរបស់ជនរងគ្រោះម្នាក់អាយុ១៤ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យរងរបួសបាក់ជើង មកដល់ថ្ងៃនេះដើរពុំរួច ជនរងគ្រោះ ចេះតែដើរត្អូតត្អែរ ពិបាកចិត្ត ត្បិតកូនឈឺ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុនេះ ពេលដែលគាត់ដើរមកមើលចៅ ឃើញផ្ទះបិទទ្វារនៅឡើយហើយគាត់ដើរសរសៀរ ទៅតាមចង្ក្រានបាយ ស្រាប់តែប្រទះឃើញកូនស្រីកំពុងត្រដរខ្យល់ ដោយសារចងកភ្ជាប់នឹងបង្គោលរបង ភ្លាមៗស្រែកផ្អើលអ្នកជិតខាង សាច់ញាតិស្រាយចំណងភ្លាម ចាប់គក់ច្របាច់ ធ្វើចលនា តែអនិច្ចារ យកទៅពេទ្យមិនទាន់ផង ដាច់ខ្យល់ស្លាប់បាត់ ទើបរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យមើល ។

photo_2017-06-14_12-22-37

តាមបុរសឈ្មោះ អ៊ីម ប៊ុនលី ត្រូវជាប្តីរបស់ជនរងគ្រោះបានឲ្យដឹងទាំងអារម្មណ៍យំខ្សឹកខ្សួលឱបសពប្រពន្ធថា ពួកគាត់មិនដែលមានជម្លោះនឹងគ្នាអ្វី ធ្វើឲ្យភរិយាឈានដល់កើតទុក្ខពិបាកចិត្តនោះទេ ហើយមួយរយៈនេះ ប្រពន្ធគ្រាន់តែពោលពាក្យថា ពិបាកចិត្តណាស់ កូនប្រុសបាក់ជើង ដើរមិនទាន់រួច មិនបានទៅរៀនសូត្រ រហូតមកដល់យប់ថ្ងៃទី១៣ ខែមិថុនា ក្រោយពីហូបបាយក្នុងក្រុមគ្រួសាររួច នាំគ្នាចូលសម្រាក ក្នុងផ្ទះជាធម្មតា ទាំងប្តីប្រពន្ធ ទាំងកូនៗ លុះដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៤ ថ្ងៃកើតហេតុនេះ ប្រពន្ធបានក្រោកភ្ញាក់ពីដំណេកដូចសព្វដង ដើម្បីដាំបាយមុនទៅធ្វើការងារ ទើបគ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់ឪពុកដើរមកប្រទះឃើញ ប្រពន្ធរបស់គាត់ចងកនឹងបង្គោលរបងព្រំដី ចំហៀងផ្ទះ ជាប់រោងចង្ក្រានបាយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាងមកជួយ ខណៈដែលជនរងគ្រោះកំពុងត្រដរខ្យល់ តែនៅមិនអាចសង្រ្គោះអាយុជីវិតបាន ។

photo_2017-06-14_12-22-34

សាកសពជនរងគ្រោះក្រោយពីនគរបាលជំនាញ ខណ្ឌពោធិសែនជ័យធ្វើការពិនិត្យកោសល្យវិច័យឃើញថាពិតជាស្លាប់ដោយចងសម្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ ដោយ សីហា

photo_2017-06-14_12-22-40

Comments

comments