Update News: អគ្គិភ័យដែលឆេះផ្ទះពលរដ្ឋនៅម្ដុំផ្សារទឹកថ្លា ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ ក្រោយបំផ្លាញផ្ទះអស់៣ខ្នង, សមត្ថកិច្ចប្រើឡានទឹកអស់១០គ្រឿង

169

(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរលត់ទៅហើយ នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយផ្ទះ៣ខ្នង និងសម្ភារនៅក្នុងផ្ទះនោះ ត្រូវអគ្គិភ័យបំផ្លាញគ្មានលស់។

ភ្នាក់ងារ kamnottra ដែលចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានរាយការណ៍ថា ករណីគ្រោះថ្នាក់សង្គមមួយនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១០គ្រឿង ដើម្បីធ្វើការអន្ដរាគមន៍បាញ់ពន្លត់ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ជុំវិញប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យនេះ សមត្ថកិច្ច​លំបាកក្នុងការជួយអន្ដរាគមន៍​ខ្លាំងណាស់ ដោយសារតែស្ថានភាពផ្លូវតូចចង្អៀត។

បើតាមភ្នាក់ងារ kamnottra អគ្គិភ័យនេះបានបំផ្លាញផ្ទះចំនួន៣ខ្នងខ្ទេចសល់តែគ្រោងថ្ម ​​សម្ភារក្នុងផ្ទះទាំងស្រុង និងរថយន្ដមួយគ្រឿងផងដែរ។ ដោយឡែក សម្រាប់មូលហេតុវិញ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ ព្រោះកំពុងធ្វើការសួរនាំកន្លែងហេតុ។

សូមជម្រាបថា មុនគ្រោះអគ្គិភ័យនេះ ក៏មានអគ្គិភ័យ​ឆេះផ្ទះប្រជាពលរដ្ឋស្ដុកអំបោះហុង នៅម្ដុំ Camko City ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវមួយដែរ ប៉ុន្ដែ​បានរលត់ទៅវិញ​​ នៅវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ហើយក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យនោះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន៧គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ៕

 

 

Comments

comments