(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កំណត់បែងចែកភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ចូល២០១៨ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ, នេះបើតាមលិខិតកំណត់បែងចែកភារកិច្ច ដែលអង្គភាពទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
បើតាមលិខិតកំណត់បែងចែកភារកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានី បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយស្ថាប័នពាក់ព័ន្ធ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍តាមដងផ្លូវ និងទីតាំងប្រារព្ធពិធី។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងចូលរួមឲ្យបានច្រើនកុះករ ដើម្បីឲ្យពិធីនេះការអធិកអធ័មថែមទៀត។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ចូល២០១៨ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕