បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹង ក្រោមការចោទប្រកាន់ពីបទចាប់រំលោភកូនស្រីបង្កើតចំនួន២ដង ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ កាលពីថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ និងបានបញ្ជូនស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បន្តចាត់ការតាមនីតិវិធីច្បាប់ ។
បើតាមនគរបាលបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរ ធ្វើស្រែ នៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១២ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយជនសង្ស័យ និងត្រូវឪពុកបង្កើតចាប់រំលោភកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ។
សមត្ថកិច្ចបន្តថា ក្មេងស្រីរងគ្រោះ ក្រោយឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដង ក្មេងស្រីរងគ្រោះក៏បានប្រាប់ម្តាយនាងផងដែរ ប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចប្តីរបស់ខ្លួនវាយធ្វើបាប ។ លុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យ គឺដោយសារតែក្មេងស្រីរងគ្រោះ បានទៅលេងអ៊ុបង្កើតរបស់នាង ដែលរស់នៅឯខេត្តកំពង់ចាមនិងបានប្រាប់ពីដំណើររឿងឪពុកចាប់រំលោភ ។ ភ្លាមៗនោះ អ៊ុបង្កើតរបស់នាង ក៏បាននាំនាងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលនៅខេត្តកំពង់ចាម។ ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះទេ ព្រោះខុសទឹកដី ។ ក្រោយមកអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានធ្វើដំណើរមកខេត្តស្ទឹងត្រែង ដើម្បីដាក់ពាក្យប្តឹង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះភ្លាម នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ក៏បានបើកការស្រាវជ្រាវឈានទៅចាប់ខ្លួនជននេះតែម្តង ៕