កិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកម្រិតក្រុមការងាររួមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អនុវត្តគម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១។