តើអ្វីទៅជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ខណៈដែលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកំពុងរៀចំធ្វេីនៅកម្ពុជានាទីក្រុងភ្នំពេញនៅថ្ងៃទី09ខែមករានេះ ហេីយ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង២ឆ្នាំម្តង។
កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២នេះ កម្ពុជា និងចិន ធ្វើជាសហប្រធាន ហើយឡាវ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយប្រទេសចិនក្នុងកិច្ចប្រជុំកំពូលលើកទី៣។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កូសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគតគ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។
សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕