ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនើបចំពីចំហៀងពេញទំហឹង បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្ដង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២៦៥ កែងនិងផ្លូវ១៥០ នៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1FH-9161 ជិះដោយបុរសម្នាក់មិនបានស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតស្រាប់តែបុកជាមួយរថយន្ដមួយគ្រឿងម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2S-3807 ដោយបើកបរដោយបុរសជាជនជាតិចិន ក្នុងទិសដៅពីកើតទៅលិចដែលកំពុងបើកឆ្លងផ្លូវ ចំពីចំហៀងពេញទំហឹង បណ្ដាលអោយបុរសជាអ្នកបើកម៉ូតូដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុទាំងរថយន្ដ និង ម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសពត្រូវបានយកទៅតំកល់ទុកនៅវត្ដទឹកថ្លា ដើម្បីស្វែងរកសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ សីហា