(ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត បានបេីកកិច្ចប្រជុំជាបន្ទាន់មួយដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៩ខែកក្កដាឆ្នាំ២០១៨ នាពេលខាងមុខ ដោយមានការចូលរួមពីលោកស្នងការរង នាយ នាយរងការិយាល័យ អធិការអធិការរងនគរបាលក្រុងស្រុក និងនាយនគរបាលប៉ុស្តិ៍ រដ្ឋបាលនានាទូទាំងខេត្តព្រះសីហនុ។
ឯកឧត្ដមជួន ណារិន្ទស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ណែនាំឲ្យអស់លោកទាំងអស់ យល់ដឹងអំពីច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និង ក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខ ការពារ ការិយាល័យ បោះឆ្នោត។ ក្នុងនោះអស់លោកត្រូវយល់ដឹងអំពីសិទ្ធិតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវមានវិន័យក្រម សីលធម៌ ប្រកបដោយវិជ្ជាជីវៈ មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ។
ចំពោះការងារប្រចាំថ្ងៃ ត្រូវធ្វេីការបែងចែកវេន ប្រចាំការ ប្រចាំបញ្ជា ឲ្យបានល្អ ២៤/២៤ម៉ោង ដេីម្បីទ្រោលសភាពការណ៍ ការពារសន្តិសុខក្នុងសង្គម។
លោកស្នងការបានបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ មានសារៈសំខាន់ណាស់ ដូចនេះយើងមិនអនុញ្ញាតឲ្យក្រុមណាឬ ជនណា មកអុកឡុក រារាំង គំរាមកំហែង បំភិតបំភ័យដល់ប្រជាពលរដ្ឋ បំផ្លាញដល់ការបោះឆ្នោតជាដាច់ខាត។
ក្នុងឱកាសនោះដែរ លោកស្នងការបានធ្វើការបែងចែក ម៉ូតូម៉ាកស៊ុយស៊ូគីស្មាស ចំនួន២៩គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល២៩ឃុំ សង្កាត់ទូទាំងខេត្តព្រះសីហនុ ដេីម្បីធ្វេីជាមធ្យោបាយបំរេីការងារ។
ក្នុងនោះដែរ លោកឧកញ៉ា វរសេនីយ៍ឯកឆឹង សុខា នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ បានជួយឧបត្ថម្ភ មីចំនួន៥០កេសធំ ស្មេីនឹងប្រាក់ចំនួន១.៥០០ដុល្លារ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីបែងចែកជូនដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ប្រេីប្រាស់ ក្នុងពេលប្រចាំការប្រចាំបញ្ជាផងដែរ ៕
ព័ត៌មានជាតិ ស្នងការនគរបាល...