ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋស្តីពីកំណាត់ផ្លូវ ស្ពាន មួយចំនួនត្រូវកាត់ផ្តាច់ចរាចរដោយជំនន់ទឹកភ្លៀង ហើយក្រសួងត្រៀមនឹងជួសជុលដូច្នេះសុំការយោគយល់ពីប្រជាពលរដ្ឋផង

199

(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះបានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅមេត្តាជ្រាបថា ដោយសារប្រទេសកម្ពុជាកំពុងទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្រុះទី៩ ឈ្មោះ សុន ទីញ បានបង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ មានទឹកជំនន់ទឹកភ្លៀងជន់លិចនៅតាមបណ្តាខេត្តមួយចំនួន និងបានធ្វើឱ្យកំណាត់ខ្សែផ្លូវ ស្ពានមួយចំនួនត្រូវបានកាត់ផ្តាច់ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ជាដើម ហើយខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀតក៏ទទួលរងការចខូចខាតស្រទាប់ផ្លូវផ្នែកខាងលើផងដែរ ដែលបង្កឱ្យមានការលំបាកធ្វើចរាចរ ។

ក្រសួងបាននិងកំពុងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមករបស់បងប្អូន ។ លើសពីនេះក្រសួងគ្រោងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតឡើងវិញផងដែរ ។

ជាមួយគ្នានេះក្រសួងក៏បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលមានការលំបាក ឬខកខានក្នុងការធ្វើដំណើរដោយឆ្លងកាត់កំណាត់ផ្លូវ ស្ពាន ដែលកំពុងរងការខូចខាត ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុន ចំពោះការចូលរួមសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួសជុល និងស្តារ ផ្លូវ ស្ពាន ដែលខូចខាតឡើងវិញ ៕

Comments

comments