អាជ្ញាធរបើកចរាចរផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគីឡើងវិញបន្ទាប់ពីផ្អាកជាង១ម៉ោង

79

(ព្រះសីហនុ)៖ អាជ្ញាធរបើកចរាចរផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគីឡើងវិញបន្ទាប់ពីផ្អាកជាង១ម៉ោងដោយសារជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ។

បើតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់អោយដឹងថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ខាង​លិច​ពេជ្រ​និល ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១០៦ និង១០៧ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវកម្ពស់ប្រហែល០,៨តឹក និងបណ្តោយប្រហែល៧០ម៉ែត្រ នៅម៉ោង៤,៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ។ ដោយស្ថានភាពបែបនេះទើបនៅម៉ោង៦ព្រឹកអាជ្ញាធរ បានសំរេចផ្អាកចរាចរជាបណ្តោះអាសន្ន ។ ប៉ុន្តែប្រមាណ១ម៉ោងក្រោយមកទឹកចាប់ផ្តើមស្រកអស់អាជ្ញាធរក៏បានសំរេច បើកចរាចរជាធម្មតាឡើងវីញហើយ ។

ទោះយ៉ាងនេះក្តីលោកវរសេនីយ៍ សម សាមាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សីលា បានអោយ KAMNOTTRA ដឹងថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកបាននិងប្រចាំការដោយយកចិត្តទុកដាក់បំផុត ដើម្បីជួយសម្រួលសណ្តាប់ធ្នាប់ និងបន្តជួយអន្តរាគមន៍នៅកន្លែងកើតហេតុរហូតដោយសារតែនៅម៉ោងប្រមាណ៨ព្រឹកនេះផ្ទៃមេឃចាប់ផ្តើម ធ្លាក់ភ្លៀងយ៉ាងខ្លាំងឡើងវិញ ៕

Comments

comments