សាលារាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត

264

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះបានចេញលិខិតជូនដំណឹងស្តីការបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន ក្នុងការដង្ហែក្បួនបិទយុទ្ធការការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ របស់គណបក្សនយោបាយ ។

ក្នុងលិខិតជូនដំណឹងបានអោយដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មានគណបក្សនយោបាយជាច្រើន និងធ្វើការជួបជុំ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ មានការជួបជុំសមាជិករហូតដល់ប្រមាណ ២៥០.០០០នាក់ និងនៅទីលានប្រជាធិបតេយ្យ មានការជួបជុំសមាជិករហូតដល់ប្រមាណ២០.០០០នាក់ ព្រមទាំងមានការជួបជុំសមាជិក នៅតាមទីស្នាក់ការគណបក្សមួយចំនួនផងដែរ រួចដង្ហែតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្តេចមុនីរ៉េត កំណាត់វិថី សម្តេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ តិរវិថីព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ២៧១ ផ្លូវលេខ៧០ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញសូមស្នើបងប្អូនប្រជាពលរដ្ឋសូមបញ្ចៀសចរាចររបស់ខ្លួនបើមិនចាំបាច់តាមកន្លែងដែលជួបជុំ និងតាមមហាវិថី តិរវិថី និងផ្លូវសំខាន់ៗខាងលើចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ក្បួនត្រូវបានបញ្ចាប់ ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់អាធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានល្អ ៕

 

Comments

comments