NEWS UPDATE: ជំនន់ទឹកភ្លៀងគំរាមផ្លូវជាតិលេខ៤ បានចាប់ផ្តើមស្រកវិញហើយ

173

(ព្រះសីហនុ)៖ ទឹកជំនន់ស្ទឹងសំរោង ផ្លូវជាតិលេខ ៤ បានចាប់ផ្តើមស្រកវិញហើយ គិតត្រឹមម៉ោង ២:៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨នេះ ។  ទឹកជំនន់ស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦)​ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះវិញហើយ ។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ។

ក្រសួងធនធានទឹក និងឧតុនិយមក៏បានអោយដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃនេះ ទឹកស្ទឹងសំរោង ចំណុចស្ពានសំរោង (គម ១១៦) បានហក់ឡើងជាថ្មីព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ ៤ ។ ប៉ុន្តែ មកដល់រសៀលថ្ងៃនេះ ទឹកបានចាប់ផ្តើមស្រកចុះវិញ ជាបណ្តើរៗហើយ ។

សូមបញ្ជាក់ថា នៅរសៀលម៉ោង១២ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរស្រុកកំពង់សីលា បានអោយដឹងថា កំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែង ទៀតហើយ ដោយពេលនេះទឹកបានហក់ឡើងជិតស្មើផ្លូវជាតិលេខ៤ ៕

Comments

comments