(ព្រះសីហនុ)៖ លោក ជា លី ភារៈធារីនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានស្នើ អាជ្ញាធរខេត្តព្រះសីហនុថា ប្រសិនបើមានជនជាតិចិនណាបានមកបង្កបញ្ហានៅខេត្តព្រះសីហនុ សូមអាជ្ញាធរខេត្ត ជួយផ្តល់ ដំណឹងទៅស្ថានទូតផង ដើម្បីជួយសហការដោះស្រាយធ្វើយ៉ាងណាអោយសាធារណៈជនទូទៅអាចផ្តល់សេចក្តីទុកចិត្តបាន ។
ការថ្លែងបែបនេះគឺក្នុងឱកាសដែល លោក ជា លី អញ្ជើញជួបពិភាក្សាជាមួយលោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ លើបញ្ហារួមគ្នាពង្រឹង សន្តិសុខសុវត្ថិភាព និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ គ្រាដែលក្រុមហ៊ុនវិនិយោគចិន ចាប់អារម្មណ៍ ខ្លាំងលើខេត្តព្រះសីហនុ ។
លោក ជា លី ភារៈធារី នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៏ថា កម្ពុជានិងចិនគឺជាមិត្តល្អជាមួយគ្នា ។ លោក ជា លី ក៏បានកោតសរសើរអភិបាលខេត្តព្រះសីហនុ ថាបានដឹកនាំអភិវឌ្ឍខេត្តអោយមានការរីកចំរើនលឿន គួរអោយកត់សំគាល់ ជាពិសេសថ្មីៗនេះវត្តមាន សំណង់អាគារខ្ពស់ៗបាននឹងកំពុងរីកព្រោងព្រាតនៅក្នុងក្រុងព្រះសីហនុ ។
លោក ជា លី បញ្ជាក់បន្ថែមថា ក្នុងនាមស្ថានទូតចិន និងប្រទេសចិន សូមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាជម្រុញអោយមានការអភិវឌ្ឍថែមទៀត លើវិស័យវិនិយោគ និងសន្តិសុខផងដែរ ។
ជាការឆ្លើយតបលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុស្វាគមន៍អ្នកវិនិយោគ និងទេសចរគ្រប់សញ្ជាតិទាំងអស់ ដោយមិនប្រកាន់ជាតិសាសន៍អ្វីឡើយ ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកបញ្ជាក់ថា៖ សូមធានាចំពោះសន្តិសុខ សុវត្ថិភាពជូន ទាំងពលរដ្ឋខ្មែរ អ្នកវិនិយោគ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ។
លោកអភិបាលខេត្តបន្ថែមថា អាជ្ញាធរខេត្តព្រះសីហនុ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព សូមកុំមានការព្រួយបារម្មណ៍ ។
គួររំលឹកថា កន្លងមកលោកអភិបាលខេត្ត បានក៏បានបញ្ជាក់ផងដែរថា មិនអនុញ្ញាតអោយជនបរទេស ណាមកធ្វើស្តេចក្រាញ់ នៅខេត្តព្រះសីហនុឡើយ ។ កម្ពុជាមានច្បាប់ ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ត្រូវតែមានចាត់ការ ដោយយកច្បាប់ជា គោល ៕