(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំសហការីធ្វើការងារមនុស្សធម៌ដោយបាននាំយករទេះរុញជនពិការចំនួន៨គ្រឿងទៀត ព្រមទាំងអង្ករ មី និង គ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ ស្ថិតក្នុងគ្រួសារក្រីក្រ ដែលជាជនពិការចំនួន៨នាក់ រស់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា ជនពិការទាំង៨នាក់ មានលំនៅឋាន ដាច់ដោយឡែកៗពីគ្នា រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ហើយពួកគាត់ជាមនុស្សចាស់មានជំងឺលើសឈាម និងពិការមិនអាចធ្វើដំណើរដោយខ្លួនឯងបាន ចំណែកពលរដ្ឋចំនួន២នាក់ទៀត ពិការពីកំណើត។
ជនពិការទាំងនោះមានឈ្មោះ៖ ១.ឈ្មោះជៀប មេសា ភេទស្រី អាយុ១២ឆ្នាំ ពិការពីកំណើត ។ ២.ឈ្មោះ ស៊ីវ វិន ភេទប្រុសអាយុ៣០ ពិការពីកំណើត ។ ៣.ឈ្មោះ ឃិន ឃន ភេទប្រុសអាយុ៦៧ឆ្នាំ ជំងឺលើសឈាម ។ ៤.ឈ្មោះ ស្រី ពាប់ ភេទស្រី អាយុ៩៦ឆ្នាំ ចាស់ជរា ។ ៥.ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ ជំងឺលើសឈាម ។ ៦.ឈ្មោះ អ៊ុក យ៉ុន ភេទស្រី អាយុ៧៥ ឆ្នាំចាស់ជរា ។ ៧.ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុសអាយុ៥០ឆ្នាំ ជំងឺលើសឈាម ។ ៨.ឈ្មោះ ឡេង សាមឿន ភេទស្រីអាយុ៦៥ឆ្នាំ។
លោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ប្រជាពលរដ្ឋទាំង៨នាក់ខាងលើ ក្នុងម្នាក់ៗ ទទួលបានរទេះរុញសម្រាប់ជនពិការ១គ្រឿង អង្ករ១បាវតូច និងមីចំនួន២កេះ។
សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ លោកស្នងការនគរបាលខេត្តព្រះសីហនុ ជួន ណារិន្ទ ធ្លាប់បានជួយឧបត្ថម្ភ រទេះរុញ អង្ករ និង មី ជូនជនពិការ រស់នៅសង្កាត់លេខ៣ ចំនួន៥នាក់ ម្តងរួចមកហើយ ។
សរុបទាំងពីរលើក លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានជួយឧបត្ថម្ភរទេះរុញជូនជនពិការរស់នៅសង្កាត់លេខ៣ បានចំនួន១៣នាក់ ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ដែលជាជនពិការ និងក្រុមគ្រួសារ របស់ពួកគាត់ បង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ដែលបានជួយឧបត្ថម្ភរទេះ និងផ្តល់ជូនគ្រឿងឧបភោគបរិភោគ ជូនពួកគាត់នៅពេលនេះ។
នាឱកាសនោះដែរលោក ជួន ណារិន្ទ ក៏បាននាំគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២នាក់ ចុះសួរសុខទុក្ខ ចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដែលមានជំងឺស្រាលៗផងដែរ ៕