(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញចុះពិនិត្យ ស្ថានភាពប្រជាពលរដ្ឋនៅចំណុចស្ពានស្ទឹងសំរោង និងស្ពានគគីរ ក្នុងស្រុកកំពង់សីលា ដែលបានរងផលប៉ះពាល់ ដោយ ជំនន់ទឹកភ្លៀងកន្លងមក បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ថ្ងៃបោះឆ្នោតមានតែ១ថ្ងៃគត់គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧និង០០នាទីព្រឹក រហូតដល់ម៉ោង ៣រសៀល ។
លោកអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលកន្លងមកថ្មីៗនេះមានព័ត៌មានផ្សាយថា ការបោះឆ្នោតមានរយៈពេល៣ថ្ងៃ តែ ធាតុពិតរយៈពេល៣ថ្ងៃនោះគឺជាថ្ងៃឈប់សំរាកទៅបោះឆ្នោតដែលរាជរដ្ឋាភិបាលសំរេចអនុញ្ញាតអោយឈប់សំរាកគឺថ្ងៃទី២៨អ្នកបោះឆ្នោតអាចធ្វើដំណើរទៅស្រុកដើម្បីធ្វើការបោះឆ្នោត ហើយថ្ងៃទី២៩គឺជាថ្ងៃបោះឆ្នោត រីឯថ្ងៃ៣០គឺជាថ្ងៃដែលត្រូវ ធ្វើដំណើរត្រលប់មកកន្លែងប្រកបការងារវិញ ។
លោកអភិបាលខេត្តក៏បានស្នើអោយប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ព្រោះ៥ឆ្នាំ ទើបមានម្តង ដើម្បីជ្រើសរើស មេដឹកនាំប្រទេសដែលយើងស្រលាញ់ ហើយសូមគិតគូរអោយបានច្បាស់លាស់ ជ្រើសរើសគណបក្សណា បុគ្គលណា ដែលយើងស្រលាញ់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ហើយដឹកនាំប្រទេសយើងបានសំបូរសប្បាយហើយនោះ យើងគាំរទ្ររ គាត់ដើម្បីបានដឹកនាំប្រទេសបន្តទៀត ដើម្បីអោយប្រទេសយើងកាន់តែសំបូរសប្បាយទៅ ។
លោកអភិបាលខេត្តក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រទេសយើងរហូតមកដល់ពេលនេះមានសុខសន្តិភាពពេញលេញហើយ ហើយសន្តិភាពដែលយើងបានមកនេះគឺលំបាកវេទនាណាស់ ប្រសិនបើយើងសំរេចិត្តខុស យើងជ្រើសរើសអ្នកដឹកនាំខុស គឺប្រទេសជាតិយើងអាចនឹងវិលទៅរកភាពវេទនា វិនាសហិនហោចតទៅទៀត ៕