(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យម្នាក់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដែលបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ឈឹម សុផាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រធានស្នាក់ការអង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្រ្តចំរុះ ប្រចាំខេត្តព្រះសីហនុ មានទីលំនៅភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការឃាត់ខ្លួន និងបញ្ជូនជនសង្ស័យខាងលើទៅកាន់តុលាការ របស់កម្លាំង កងរាជអាវុធហត្ថព្រះសីហនុ គឺជាប់ពាក់ព័ន្ធបទល្មើស ប្រើប្រាស់ឯកសណ្ធាន ជាអាទិ៍ដែលមានភាពប្រហាក់ ប្រហែលគ្នានឹងនគរបាល ឬយោធា (មាត្រា៦១៦) និងបទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ(មាត្រា៦២១) និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង(មាត្រា៦៣០) ។
វត្ថុតាងដែលបានដកហូតពីជនសង្ស័យរួមមាន៖ 1- រថយន្តម៉ាកLexus.Rx400h ចំនួន០១គ្រឿងណ៌ស (ពាក់ស្លាកលេខសារព័ត៌មានស្នាតី៧មករាអមតះ 2K-0667), 2-ឯកសណ្ឋានក្លែងបន្លំចំនួន០១សម្រាប់,
3-មួកក្លែងបន្លំចំនួន០២, 4-ស្លាកឈ្មោះឧត្តមសេនីយ៍ចំនួន០១, 5-ប័ណ្ណេព័ត៌មានចំនួន០៦សន្លឹក, 6-លិខិតតែងតាំងឯកឧត្តម ឈឹម សុផាតចំនួន០១សន្លឹក ៕