(ព្រះសីហនុ)៖ លោក ប៉ុល សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ លោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ លោក យន្ត មីន អនុប្រធានគណបក្សប្រជាជនខេត្ត និង លោក សំរឹទ្ធិ ភុំ អនុប្រធានប្រចាំការ នៅព្រឹកថ្ងៃសុក្រទី២៧ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ជាច្រើនពាន់នាក់ធ្វើពិធីជួបជុំគ្នាបិទយុទ្ធនាការ ឃោសនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅវេទិកាបុណ្យជាតិ៧មករា ។
ក្រោយពីស្តាប់សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្សាយបន្តផ្ទាល់ពីរាជធានីភ្នំពេញរួចមក សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាជាច្រើននាក់បាន ធ្វើដំណើរដោយរថយន្ត និង ម៉ូតូជាច្រើនគ្រឿង បានដង្ហែក្បួនឃោសនាបោះឆ្នោត តាមដងផ្លូវនានា ក្នុងទីក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងបានបញ្ចប់ការដង្ហែក្បួនឃោសនាការបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះតែម្តង ៕