គ.ជ.ប ចេញសេចក្តីណែនាំបន្ថែមពីការផ្តល់សុពលភាពលើគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត

111

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំ បន្ថែមលេខ ០៦៧ គ.ជ.ប ស.ណ.ន ស្តីពីការផ្តល់សុពលភាពលើគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត ។

ក្នុងលិខិតនេះបានអោយដឹងថា ការសម្រេចផ្តល់សុពលភាពជាសន្លឹកឆ្នោតបានការ ឬមិនបានការ គឺជាសិទ្ធិ និងជាសមត្ថកិច្ច របស់ប្រធាន គ.ក.រ ។ ក្នុងសេចក្តីណែនាំបន្ថែមនេះផងដែរ ក៏មានចាត់វិធានការច្បាប់ចំពោះជនណាដែលមិនយល់ស្រប តាមការសម្រេចរបស់ប្រធាន គ.ក.រ អាចតវ៉ា ឬ/និងជំទាស់ចំពោះករណីនេះ ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងយូរត្រឹមម៉ោង១១:៣០ នាទី នៃថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត ។

ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងនៅក្នុងបរិវេណខាងក្នុងត្រូវស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ប្រធាន គ.ក.រ ។ ក្នុងករណីជនណាបង្កការអុកឡុក ឬរំខានមិនឱ្យដំណើរការរាប់សន្លឹកឆ្នោតបាន ប្រធាន គ.ក.រ ត្រូវចាត់វិធានការបណ្តេញចេញជននោះចេញពីការិយាល័យភ្លាម និងធ្វើរបាយការណ៍អំពីករណីនេះជូនទៅ គឃ.សប ។

ជនណា ដែលបង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ជននោះនឹងត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ៕

Comments

comments