(ព្រះសីហនុ)៖ បុរសជាជនជាតិចិនដែលបានបង្ហូរសំរាមតាមទឹកភ្លៀងបង្ករអោយមានការរិះគន់ពីប្រជាពលរដ្ឋពេញបណ្តាញ សង្គមនៅក្រុងព្រះសីហនុកាលពីម្សិលម៉ិញត្រូវបានអាជ្ញាធរហៅមកធ្វើកិច្ចសន្យា ព្រមទាំងធ្វើការចាប់បង់ពិន័យចូលរដ្ឋផងដែរ ។
បើតាមអាជ្ញាធរក្រុងព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះបានសហការជាមួយ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ដឹកនាំដោយលោក ទេព ស៊ីណូរ៉ា អនុប្រធានមន្ទីរ និងតំណាងក្រុមហ៊ុនសំរាមប្រមូលសំរាមនៅ ខេត្តព្រះសីហនុបានស្រាវជ្រាវ និងឈានទៅនាំខ្លួនបុរសជនជាតិចិននេះមកកាន់សាលាក្រុងព្រះសីហនុ ដើម្បីធ្វើការណែនាំ ដោយក្នុងនោះតំរូវអោយ ទី១៖សុំទោសជាសាធារណៈជាលាយលក្ខណ័អក្សរ ទី២៖សុំទោសជាសាធារណៈដោយនិយាយ ផ្ទាល់មាត់ និងទី៣៖ធ្វើការផាកពិន័យជាប្រាក់តាមច្បាប់បរិស្ថានផងដែរ ។
បើតាមអាជ្ញាធរក្រុងព្រះសីហនុបានអោយដឹងថា បុរសជាជនជាតិចិននេះមានឈ្មោះ Wang maqang ភេទប្រុស អាយុ៣៩ឆ្នាំ ជាចុងភៅ នៅកាស៊ីណូ new golden wealth មានអាស័យដ្ឋានក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ផ្តើមចេញពីបញ្ហានេះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានធ្វើការរិះគន់ធ្ងន់ៗនិងខ្លាំងៗមកលើក្រុមហ៊ុនប្រមូលសំរាម kswm ដែលទទួលសិទ្ធិធ្វើការប្រមូលសំរាមនៅខេត្តព្រះសីហនុមានការយឺតយ៉ាវខ្លាំងណាស់ ដែលកន្លងមកមិនមែនមានតែជនជាតិ ចិននេះទេ ក៏មានជនជាតិខ្មែរខ្លះបាន ធ្វើការបង្ហូរសំរាមតាមទឹកភ្លៀងផងដែរ ។ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុកន្លងមក បានធ្វើការផ្តិតមេដៃស្នើសុំដូរក្រុមហ៊ុននេះចេញ ដោយស្នើធ្វើការជ្រើសរើសក្រុមហ៊ុនផ្សេងជំនួសវិញ ប៉ុន្តែគេឃើញអាជ្ញាធរ ក្រុងព្រះសីហនុចេញមុខអះអាងថា ទុកពេលអោយ បើនៅតែមិនកើតទៀតចាំប្តូរ តែមិនដឹងជាយ៉ាងម៉េចរហូតមកដល់ ពេលនេះមានរយៈពេលជិត១ឆ្នាំទៅហើយ ក្រុមហ៊ុនប្រមូលសំរាមនេះនៅតែយឺតយ៉ាវដដែល ហើយអាជ្ញាធរមិនព្រមធ្វើការ ផ្លាស់ប្តូររកក្រុមហ៊ុនថ្មីមកជំនួសឡើយ !!! ៕