(ព្រះសីហនុ)៖ ឪពុកបើករថយន្តជូនកូនទៅប្រលងជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធំគៀរគៀបជាប់ក្នុងរថយន្តររងរបួសធ្ងន់ ចំណែកកូនៗមិនមានគ្រោះថ្នាក់ទេគ្រាន់តែភិតភ័យព្រលឹងចុងសក់ប៉ុណ្ណោះ បើទោះបីជាឪពុកត្រូវរងរបួសយ៉ាងនេះក្តី ក៏កូនៗ ត្រូវបង្ខំចិត្តចូលប្រលងធម្មតា ដោយគ្រាន់តែបង្ហូរទឹកភ្នែកព្រោះអាណិតឪពុកខ្លាំងពេក ។
នគរបាលស្រុកព្រៃនប់បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ៦និង០៥នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខវិទ្យាល័យហ៊ុនសែនវាលរេញ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ព្រៃវែង ៣A ០៨៨៥ អ្នកបើកបរ គេចខ្លួនទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំនុចកើតហេតុបានគៀររថយន្ត០១គ្រឿងទៀតក្នុងទិសដៅស្របគ្នា ម៉ាក កូរ៉ូឡាពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ ២C ១០៩៧ បណ្តាលឲ្យអ្នកបើកបរឈ្មោះ ប្រុញ ប្រសិទ្ធិ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបំរើការងារនៅក្រុមហ៊ុន ម៉ុង ឫទ្ធី មានទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ហើយត្រូវបានកេបញ្ជូនមកសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ។
បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយនៅពេលក្រោយ ៕