ចប់ហើយ! អស់ពីបើកបរឈ្លើយៗមិនគោរពច្បាប់ និងភាពរញ៉េរញ៉ៃនៃការរស់នៅរបស់ជនជាតិចិនមួយចំនួនពេលនេះ សង់បង្គន់នៅលើបឹងដែលប្រជាពលរដ្ឋនៅក្រុងព្រះសីហនុយកទឹកទៅហូបនិងប្រើប្រាស់

394

(ព្រះសីហនុ)៖ ជនជាតិចិនមួយចំនួនដែលរស់នៅក្នុងក្រុងព្រះសីហនុត្រូវបានប្រជាពលរដ្ឋខ្មែរក្នុងក្រុងនេះមិនសូវជាចូលចិត្ត ទេនូវសកម្មភាពរបស់ពួកគេទាំងនោះដែលហាក់មិនសូវគោរពសិទ្ធិម្ចាស់ផ្ទះទាល់តែសោះ ។ សកម្មភាពរបស់ពួកគេទាំងនោះ មានដូចជា៖ ការបើកបរមិនមានប័ណ្ណបើកបរ ហើយថែមទាំងមិនគោរពច្បាប់ចរាចរណ៍ថែមទៀតផង ក្នុងនោះការឈប់តាម ដងផ្លូវមិនមានសណ្តាប់ធ្នាប់ ជេងឆ្វេងស្តាំស្រេចតែចិត្តធ្វើម៉េចអោយតែបានទៅមុន ដាក់ជើងចេញមកក្រៅទ្វាររថយន្ត មិនគោរពភ្លើងសញ្ញាតាមដងផ្លូវ ស៊ីផ្លេនៅពេលយប់ជាដើម ប៉ុន្តែបញ្ហាអស់ទាំងនេះត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបញ្ចេញកណ្តាប់ដៃដែកធ្វើការចាប់ផាកពិន័យបានជាច្រើនផងដែរ ។

ចំណែកការរស់នៅវិញក៏មិនធម្មតាដែរដោយជនជាតិចិនទាំងនោះផឹកស៊ីឡូឡាទល់ភ្លឺពេលខ្លះឈ្លោះទាស់ទែងគ្នា បោកកែវ បោកចាន រំខានដល់អ្នកជិតខាងផងដែរ ។

អស់ពីបញ្ហាដូចដែរបានរៀបរាប់អស់ទាំងនេះឥលូវមានជនជាតិចិនខ្លះបានមកសង់បង្គន់ និងលូ បង្ហូរចូលបឹងព្រែកទប់ ដែលជាបឹងសំរាប់រដ្ឋាករទឹកផលិតយកមកអោយប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុប្រើប្រាស់ ឬទុកហូបជាដើម ។

ផ្តើមចេញពីបញ្ហានេះនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ អាជ្ញាធរក្រុងព្រះសីហនុ រួមនិងមន្រ្តីមន្ទីរបរិស្ថាន បានចុះទៅកាន់ការដ្ឋានសំណង់របស់ចិនមួយកន្លែងទាំងមេឃកំពុងភ្លៀង ស្ថិតនៅជាប់បឹងព្រែកទប់ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ដើម្បីអប់រំណែនាំ និងធ្វើកំណត់ហេតុតំរូវអោយម្ចាស់ទីតាំងរុះរើផ្ទះសំរាប់កម្មករសំណង់ស្នាក់នៅ នៅលើបឹងព្រែកទប់ និងតំរូវអោយបង្គន់របស់ការដ្ឋានត្រូវមានអាងស្តុកចំរោះប្រព្រឹត្តិកម្ម មិនអោយបង្ហូរចូលបឹងព្រែកទប់ដោយផ្ទាល់ទេ ហើយជាពិសេសជាងនោះទៅទៀតតំរូវអោយបង្ហាញឯកសារពាក់ព័ន្ធដូចជាច្បាប់សាងសង់ និងរង្វាយតំលៃនៃផលប៉ះពាល់បរិស្ថាន EIA ជាដើម ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ និងសាធារណៈជនទូទៅបានសាទរ និងគាំទ្ររចំពោះកិច្ចខិតខំរបស់មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីមន្ទីរបរិស្ថានដែលបានចុះរៀបចំសណ្តាប់ធ្នាប់ និងការពារបរិស្ថាន អនាម័យ ទាំងភ្លៀង ដែលការដ្ឋានរបស់ចិនបានសង់ប៉ះពាល់បរិស្ថានបឹងព្រែកទប់ខាងលើនេះបានទាន់ពេលវាលា បើមិនដូច្នោះទេអនាគតអាចនឹងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាមិនខាន ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ​ កន្លងមកជារឿយៗបានថ្លែងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកមិនអោយបរទេសណាម្នាក់ធ្វើស្តេចត្រាញ់ក្នុងខេត្តបានឡើយ ។ រាល់ជនជាតិណាក៏ដោយដែលមករកស៊ីក្នុងខេត្ត ត្រូវគោរពច្បាប់ជាគោល ។ ហើយបើមាននរណាម្នាក់មិនគោរពច្បាប់អាជ្ញាធរមានសមត្ថភាពគ្រប់គ្រាន់ក្នុងបង្រ្កាប មិនអោយធ្វើអ្វីស្រេចតែចិត្តនោះឡើយ ៕

Comments

comments