(ព្រះសីហនុ)៖ ករណីខិតប័ណ្ណផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទបង្ករអោយមានការរិះគន់ពេញក្រុងព្រះសីហនុកន្លងមកត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងបង្ក្រាបបានហើយ ។
លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឲ្យតាមឃ្លាំមើល និង បង្ក្រាបឲ្យបាន ជនជាតិចិនដែលប្រកបរបរខុសច្បាប់នៅកម្ពុជា ដូចជាកន្លងមក មានការដើរផ្សព្វផ្សាយ ចែកខិត្តប័ណ្ណម៉ាស្សា មានរូបភាពទាក់ទាញ បង្កប់សេវាកម្មផ្លូវភេទ បែបពេស្យាចារ។
នៅយប់ថ្ងៃទី១២ ខែសីហា កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សានោះ បានចំនួន៦នាក់ និង ដកហូតបានខិត្តប័ណ្ណជាច្រើនសន្លឹក ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឱ្យដឹងដែរថា៖ ពេលដែលហៅអ្នកជំនាញ មកធ្វើការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព វាបង្កប់ទៅជាការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬពេស្យាចារ ដែលជាអំពើខុសច្បាប់នៅប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បុរសជនជាតិចិនទាំង៦នាក់នោះយើងបានធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុងពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា ៕