(ព្រះសីហនុ)៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើបដិសណ្ឋារកិច្ចទទួលជួបប្រតិភូអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាដឹកនាំដោយ Mr.LiNingYa (military attache of China សេនានុព័ន្ធយោធាចិនប្រចាំប្រទេស កម្ពុជា) និង Mr.Zhang Ping (Police Liaison Office China មន្ត្រីទំនាក់ទំនងកិច្ចការប៉ូលីស នៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា) ។
ក្នុងជំនួបនេះបានផ្តោតលើការងារសំខាន់ៗជាច្រើនពាក់ព័ន្ធទៅលើជំនួយផ្សេងៗ ដែលរដ្ឋាភិបាលចិនមានបំណងជួយ កម្ពុជាពង្រឹងលើការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។
Mr.LiNingYa បានស្នើសុំឲ្យគណៈប្រតិភូនគរបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងទៅកាន់ខេត្តជាំងស៊ូ ដែលជាខេត្តមួយរបស់ប្រទេសចិន មានការរីកចម្រើនខ្លាំងជាងគេ និងមានសន្តិសុខល្អ និងមានបំណងឲ្យនគរបាលខេត្តទាំងពីរ ជាំងស៊ូ និងខេត្តព្រះសីហនុ ចង់សម្ព័ន្ធភាពជាមួយគ្នាឲ្យបានឆាប់បំផុតទៀតផង ៕