កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនជាតិចិនចំនួន ៣នាក់​ ករណីប្លន់ប្រដាប់អាវុធ អាជីវករលក់មាសនៅផ្សារលើធំថ្មី ក្រុងសៀមរាប

125

(សៀមរាប)៖ បុរសជនជាតិចិន៣នាក់ត្រូវនគរបាលខេត្តសៀមរាបធ្វើការបង្រ្កាបបន្ទាប់ពីប្លន់អ្នកលក់មាសនៅផ្សារលើក្រុងសៀមរាម ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក ខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ៧ និង២០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរតាប្រាក់ ឃុំពួក ​ស្រុកពួក​ ខេត្តសៀមរាប នៅពេលដែលជនរងគ្រោះត្រលប់ពីប្រកបរបរលក់មាសប្តូរប្រាក់ ក្នុងក្រុងសៀមរាប ត្រឡប់មកផ្ទះវិញ (ភូមិឃុំកើតហេតុ) ។ ជនរងគ្រោះក៏បានរៀបរាប់អោយដឹងថា ពេលវិលដល់ផ្ទះ ក៏ស្រាប់តែឃើញមានក្រុមជនសង្ស័យ មិនស្គាល់មុខ ៣នាក់ មានពាក់ម៉ាស់​បិទមុខជិត ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មាឌធំខ្ពស់ ស្លៀកពាក់ស៊ីវិល មិនច្បាស់ភិនភាគ បានដើរចេញពីគុម្ពោធព្រៃផ្នែកខាងកើត អែបផ្លូវនោះ សំដៅមកឡាន របស់គាត់ ហើយភ្លាមៗនោះមានម្នាក់ស្ទុះមកវាយរូបគាត់ ដោយវត្ថុរឹងចំក្បាលបណ្តាលអោយគាត់រងរបួស តែគេមិនបាននិយាយអ្វីទេ ហើយគាត់លើកដៃប្រវ៉ាយទៅមនុស្សទាំងនោះវិញ​ និងបានស្រែករកអ្នកជិតខាងជួយ។

ចំណែកជនមិនស្គាល់មុខម្នាក់ទៀត ក៏បានស្ទុះមកវាយបំបែកកញ្ចក់ឡាន របស់គាត់បែកផ្នែកខាងស្តាំ ក្នុងបំណងរកទ្រព្យសម្បត្តិមានតំលៃ។
លោក ទេព ពុំសែន បន្តថា ដោយជនរងគ្រោះស្រែកខ្លាំង ក៏បានផ្អើលអ្នកជិតខាង ក្រុមជនសង្ស័យទាំងនោះ ក៏បានរត់គេចខ្លួនទៅទឹសខាងកើតឆ្លងស្ទឹងបាត់។
លោកអធិការបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមៗកម្លាំងសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញឡាន របស់ជនរងគ្រោះ បែកកញ្ចក់ខាងស្តាំ​ និងឃើញមានវត្ថុតាងដូចជា៖ គ្រាប់កាំភ្លើង១គ្រាប់ , បង់កាំភ្លើង១ មាន៨គ្រាប់ នៅដីជិតរបងផ្ទះជនរងគ្រោះ និងដំបងទីបដែក១មូល ប្រវែង៧៩ស.ម នៅចំរ៉ាក់មាត់ស្ទឹងខាងកើតកន្លែងកើតហេតុ។​
លោកបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថស្រុក ក៏បានតាមរកក្រុមជនសង្ស័យ ក្នុងមូលដ្ឋាននោះ បានឃើញមានគ្រាប់កាំភ្លើង១គ្រាប់ទៀត នៅផ្លូវបេតុង ក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ដែលនៅទឹសខាងកើតកន្លែងកើតហេតុប្រហែល ១៥០ម៉ែត្រ។
បន្ទាប់មកទៀត សមត្ថកិច្ច ក៏បានឃើញមានឡាន១គ្រឿង ម៉ាកស្តារិច សេរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដោយក្នុងឡាននោះមានដាក់ម៉ូតូ១គ្រឿងទៀត ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០១៦ ទុកចោល នៅមុខខ្លោងទ្វារសាលាបឋមសឹក្សាទៀបាញ់គំរូ​ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ត្រូវគេចាក់សោរជាប់។ ក្រោយមក សមត្ថកិច្ចក៏បានស្ទូចយកឡាននោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក និងបន្តស្រាវជ្រាវរកជនសង្ស័យជាបន្តទៀត។

លោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងទៀតថា លុះដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ទើបកម្លាំងសមត្ថកិច្ច បានឃាត់ជនសង្ស័យជនជាតិចិនចំនួន៣នាក់។
លោក ទេព ពុំសែន ឲ្យដឹងដូច្នេះ រួចបន្តថា បន្ទាប់ពីចាប់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ កម្លាំងនគរបាលស្រុកពួក ក៏បានសហការជាមួយកម្លាំងផែនអន្តោប្រវេសន៍ ការិល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរឈានទៅកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Comments

comments