នាយ​ឧត្ដមសេនីយ៍​ ថោ​ង​ លី​ម​ ៖​ វិនិយោគិន​ និង​អ្នក​ទេសចរណ៍​បរទេស​ដែល​មក​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​គ្រោះ​មាន​ចំនួន​១៧៨​ករណី​ (​បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១​ មាន​១៤១​ករណី​កើនឡើង​ ៣៧​ករណី​)

66

(​ភ្នំពេញ)​៖​ ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ថោ​ង​ លី​ម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ (HOTLINE)​ ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​២​ ឆ្នាំ​២០១៨​ ជាមួយ​នាយកដ្ឋាន​ អង្គភាព​ ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ រួម​ជាមួយ​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ​។​

​យោង​តាម​របាយការណ៍​ត្រីមាស​ទី​២​ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ (HOTLINE)​ ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា​ បានអោយ​ដឹង​ថា​ វិនិយោគិន​ និង​អ្នក​ទេសចរណ៍​បរទេស​ដែល​មក​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​គ្រោះ​មាន​ចំនួន​ ១៧៨​ករណី​ (​បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១​ មាន​១៤១​ករណី​កើនឡើង​ ៣៧​ករណី​)​ ភាគច្រើន​ដោយ​អំពើ​ចោរកម្ម​លួច​-​ឆក់​មាន​ចំនួន​ ៧៧​ករណី​ ស្មើនឹង​ ៤៣,២៥%​ មាន​៣៧​សញ្ជាតិ​ ក្នុង​នោះ​សញ្ជាតិ​ច្រើន​ជាងគេ​គឺ​ ចិន​៦១​នាក់​,​ វៀតណាម​២២​នាក់​,​ បារាំង​១៤​នាក់​,​ អង់គ្លេស​១៣​នាក់​,​ អូស្ត្រាលី​១១​នាក់​ ហើយ​ភូមិសាស្ត្រ​ដែល​កើត​មាន​ច្រើន​ជាងគេ​គឺ​នៅ​រាជធានី​ភ្នំពេញ​ ។​ ក្រៅពី​ជនបរទេស​រង​គ្រោះ​ ក៏​មាន​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន​ ៨៨​ករណី​ ឃាត់ខ្លួន​៣៧៨​នាក់​ មាន​២៥​សញ្ជាតិ​ (​បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​២​ មាន​៥៥​ករណី​ កើនឡើង​៣៣​ករណី​)​ ភាគច្រើន​បទល្មើស​ប្រើប្រាស់​-​ជួញដូរ​គ្រឿងញៀន​មាន​ចំនួន​ ១៧​ករណី​ ស្មើនឹង​ ១៩,៣១%​ នៃ​ចំនួន​សរុប​ ៨៨​ករណី​ ក្នុង​នោះ​សញ្ជាតិ​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ​គឺ​ ចិន​២៥៧​នាក់​,​ នី​ហ្ស៊េ​រី​យ៉ា​៣៧​នាក់​,​ វៀតណាម​១៤​នាក់​,​ ថៃ​១២​នាក់​,​ កូ​រ៉​ខាងត្បូង​០៨​នាក់​ ហើយ​ភូមិសាស្ត្រ​ដែល​កើត​មាន​ច្រើន​ជាងគេ​គឺ​នៅ​រាជធានី​ភ្នំពេញ​ ។​

​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ (HOTLINE)​ មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អជា​មួយ​បណ្តា​ស្ថានទូត​ និង​ស្ថាន​តំណាង​ទាំង​ជំនួប​ទ្វេភាគី​ និង​ពហុភាគី​ ដើម្បី​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​បាន​ទាន់​ពេលវេលា​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​តាម​រាជធានី​-​ខេត្ត​ រួម​ទាំង​បានការ​ពារ​គណៈប្រតិភូ​បរទេស​ និង​មន្ត្រី​ការទូត​បរទេស​ ក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ការ​ចុះ​បំពេញបេសកកម្ម​នានា​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ តំណាង​ពី​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ បាន​ចូលរួម​ប្រជុំ​ស្ដាប់​ពី​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​២​ ឆ្នាំ​២០១៨​ រួម​ទាំង​ពិភាក្សា​ការងារ​ និង​សំណូមពរ​របស់​បណ្ដា​ស្ថានទូត​នៅ​កម្ពុជា​ ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ តំណាង​ស្ដា​ន​ទូត​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែងអំណរគុណ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ជា​ពិសេស​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ (HOTLINE)​ ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​យកចិត្តទុកដាក់​ការពារ​ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ និង​ការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​វិនិយោគិន​ ភ្ញៀវ​ទេសចរណ៍​បរទេស​ មន្ត្រី​ការទូត​ ទីតាំង​ស្ថានទូត​ និង​និវេសនដ្ឋាន​ឯកអគ្គរាជទូត​-​រដ្ឋ​ទូត​ ដែល​មាន​វត្ត​មាននៅ​កម្ពុជា​ ។​

​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ថោ​ង​ លី​ម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​បាន​ណែនាំ​ដល់​នាយកដ្ឋាន​ អង្គភាព​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ជា​សមាជិក​ ត្រូវ​អនុវត្ត​តាម​ផែនការ​របស់​ក្រសួងមហាផ្ទៃ​ ក៏​ដូច​ជា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​វិនិយោគិន​ និង​អ្នក​ទេសចរណ៍​បរទេស​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ និង​លើកទឹកចិត្ត​វិស័យ​វិនិយោគ​ និង​ទេសចរណ៍​នៅ​កម្ពុជា​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Comments

comments