លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឆ្លៀតពេលមមាញឹកអញ្ជើញទៅផ្តល់ស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សីលា ដែលខូចខាតដោយទឹកជំនន់

85

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះបានអញ្ជើញទៅផ្តល់ស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់សីលាចំនួន ១១៣គ្រួសារ មកពីភូមិចំនួន២ដើម្បីយកទៅសាបដកស្ទូងអោយទាន់រដូវ បន្ទាប់សន្ទូងរបស់បងប្អូនទាំងនេះបានខូចខាតអស់ដោយ ជំនន់ទឹកភ្លៀងនាពេលកន្លងមក ។

លោក ជុំ ចាន់ថុល អនុប្រធានមន្ទីរកសិកកម្មខេត្តព្រះសីហនុ បានអោយដឹងថា ស្រូវប្រជាពលរដ្ឋជាង ៥០ហិចតាត្រូវបានបំផ្លាញដោយសារទឹកជំនន់នាដើម រដូវនេះ។ ប្រជាពលរដ្ឋទាំង ១១៣គ្រួសារនេះ មកពីឃុំកំពង់សីលារួមមាន ភូមិវាលចំនួន ៧២គ្រួសារ និងមកពីភូមិថ្មីចំនួន ៤១គ្រួសារ ។ លោកបញ្ជាក់ថាពូជស្រូវដែលចែកជូនប្រជាពលរដ្ឋនេះជាប្រភេទស្រូវស្រាលមានរយៈពេល ១០៥ថ្ងៃ បានច្រូតហើយ ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា សូមយកពូជនេះទៅសាបព្រួស អោយទាន់រដូវកាល និងបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រររាជរដ្ឋាភិបាលដោយឆន្ទៈដើម្បីបន្តដឹកនាំ អភិវឌ្ឍប្រទេសជាតិ អោយកាន់តែមាន ភាពរីកចម្រើនថែមទៀត។

ប្រជាពលរដ្ឋដែលបានមកទទួលពូជស្រូវនេះ ក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តព្រះសីហនុ ដែលតែងតែបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ ដោយចុះមកសាកសួរសុខទុក្ខតាមមូលដ្ឋានជាបន្តបន្ទាប់និងបានផ្តល់ពូជស្រូវជូនពួកគាត់បានយកទៅសាបយកសំណាបដើម្បីយកទៅស្ទូងបានទាន់រដូវកាល ។

គួររំលឹកថារដូវវស្សាឆ្នាំ២០១៨នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជោកជាំមិនដាច់ហើយបានបង្កការជន់លិចផ្លូវជាតិលេខ៤នៅចំណុចស្ពានស្ទឹងសំរោង ស្រុកកំពង់សីលា រហូតដល់អាជ្ញាធរខេត្តសម្រេចបិទផ្អាកចរាចរណ៍រថយន្តដឹកជញ្ជូនធុនធ្ងន់មួយរយៈខ្លីដោយអន្លើផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះជំនន់ទឹកភ្លៀងនេះបានជន់លិចភូមិដ្ឋានប្រជាពលរដ្ឋ និងបានបំផ្លាញផលដំណាំ និងសន្ទូងរបស់កសិករក្នុងភូមិចំនួនពីរបណ្តាលអោយខូចស្រូវទាំងស្រុងអស់ចំនួនជាង៥០ហិចតានិងបានវាយប្រហារផ្លូវតាមទីជនបទនិងទីក្រុងអោយខូចខាតយ៉ាងដំណំ។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសំដែងនូវការគាំទ្ររ គោរពស្រលាញ់ និងពេញចិត្តយ៉ាងខ្លាំងចំពោះភាពប៉ិនប្រសព្វនៃការដឹកនាំរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្នុងការដោះស្រាយបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្ត បើទោះបីជាលោករវល់យ៉ាងណាក៏ដោយក៏មិន អោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយហូបនោះឡើយ ។ ជាក់ស្តែងដូចជាពេលនេះជាដើមបើសិនជាលោកអភិបាលខេត្តមិនគិតគូរដល់ពួកគាត់ទេ ម្លេះចុងរដូវនេះពួកគាត់ប្រាកដជាមិនមានស្រូវអង្ករទុកហូបដូចប្រជាពលរដ្ឋនៅកន្លែងដទៃឡើយ ។

ជាមួយនិងការគោរពស្រលាញ់ពេញចិត្តនេះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសំរេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សឈ្នះយ៉ាងភ្លូកទឹកភ្លូកដីដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសអោយរីចម្រើនរុងរឿងជាបន្តទៀត ហើយក៏ដូចជាផ្តល់ឱកាសជូនលោក យន្ត មីន អភិបាលខេត្តបន្តដឹកនាំ និងអភិវឌ្ឍខេត្តព្រះសីហនុអោយកាន់តែរីកចំរើនរុងរឿងបន្ថែមទៀតអោយស្របតាមការប្រសិទ្ធិនាមរបស់សម្តេចតេជោ ថាជា “តារារះនាទិសនិរតី” ៕

Comments

comments