ឆេះកាណូតទេសចរណ៍ដឹកភ្ញៀវដើរលេងតាមកោះរបស់ជនជាតិអាឡឺម៉ង់បង្ករអោយភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម

357

(ព្រះសីហនុ)៖ កាណូតទេសចរណ៍កម្ពស់៣ជាន់ សម្រាប់ដឹកភ្ញៀវ ទៅលេងកោះរ៉ុងសន្លឹម​មួយគ្រឿងរបស់ជនជាតិអាឡឺម៉ង់ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកនាម៉ោង៤ទាបភ្លឺថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨នេះ នៅចំណុចផែតាហាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ទូកទេសចរណ៍ដែលឆេះនេះមានឈ្មោះ សាន់ ធួរ (Sun tour) មានបណ្តោយ ២២ម៉ែត្រ ទទឺង ៧,២០ម៉ែត្រ ពណ៌ទឹកប៊ិចចាស់ ឆ្នូតលឿង មានម្ចាស់ឈ្មោះ រ៉ូប៊ឺត ហាយដុកជិក ជនជាតិអាឡឺម៉ង់ ស្នាក់នៅក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

តាមសេចក្តីរាយការណ៍បញ្ជាក់ថា ករណីនេះមិនបណ្តាលអោយគ្រោះថ្នក់ដល់មនុស្សណាម្នាក់នោះទេ ហើយក៏មិនរាលដាលដល់ទូកអ្នកក្បែរនោះដែរ ប៉ុន្តែបណ្តាលអោយឆេះទូកទេសចរណ៍ខាងលើអោយឆេះអស់ទាំងស្រុង ។

សូមបញ្ជាក់ថា កាណូតទេសចរណ៍ ឈ្មោះ សាន់ ធួរ (Sun tour) កាលពីអំឡុងឆ្នាំ ២០១៤ ខែមិថុនា ថ្ងៃទី២៩ វេលាម៉ោង១១យប់ ក៏ត្រូវបានឆេះម្តងរួចមកហើយនៅចំណុចផែស្វយ័ត ក្រុងព្រះសីហនុ ត្រង់ច្រកទ្វារទី៣ ស្ថិតក្នុង សង្កាត់ លេខ៣ ក្រុង/ខេត្តព្រះសីហនុ ដោយកាលនោះ មានឆេះអូរប័រ សម្រាប់ ចម្លងភ្ញៀវពីទូកឡើងគោកចំនួន១គ្រឿងរួមទាំងអូរប័ររបស់ អ្នកឧកញ៉ា គិត ម៉េង ចតនៅក្បែរនោះផងដែរ  ។

ដោយកាលនោះសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ទូកដែលឆេះនេះ​មានម្ចាស់​ជាជនជាតិអាល្លឺម៉ង់ ​ឈ្មោះ រ៉ូ បើត ទុក សម្រាប់​ដឹកភ្ញៀវទេសចរណ៍ ទៅកម្សាន្តនៅ​កោះរ៉ុងសន្លឹម ដោយសមត្ថកិច្ចបាន ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង អស់ទឹក៧រថយន្ត ​ចំណែករថយន្តពន្លត់អគ្គិភ័យ​របស់កំពង់ផែស្វយ័ត​ ក៏បានជួយសហការ​ ដោយ ប្រើប្រាស់ រថយន្ត១គ្រឿង អស់ទឹក៥រថយន្ត  រហូតដល់​ម៉ោងជាង២ឈានចូល​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤​ ទើបអណ្តាតភ្លើង​បានរលត់ទាំងស្រុង។ក្រោយកើតហេតុ សមត្ថកិច្ចស្រាវជ្រាវរកឃើញថា គ្រោះអគ្គិភ័យនេះ​ផ្ដើមមកពីផ្ទុះធុងហ្គាស៕​

Comments

comments