ជនជាតិចិនប្រុសស្រី​២នាក់ត្រូវ​នគរបាល​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ឆែកឃើញ​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់នៅក្នុង​រថយន្ត

183

(​ព្រះសីហនុ​)៖ ជនជាតិចិនប្រុសស្រី២នាក់ត្រូវ​នគរបាល​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ឆែកឃើញ​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់នៅក្នុង​រថយន្ត ។

លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ថា៖ នៅ​រសៀល​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០ នាទី កម្លាំង​ចម្រុះ​ ចុះ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​រុករក​អាវុធ​ជាតិផ្ទុះ​ តាម​ដងផ្លូវ​សាធារណៈ​ ចំណុច​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើការ​ឆែកឆេរ​រថយន្ត​ម៉ាក​ LEXUS RX 330 មួយគ្រឿង ផ្លាក​លេខ ភ្នំពេញ 2AH-9340 ដែល​ជិះ​ដោយ​ជនជាតិចិន​ ប្តី​ប្រពន្ធ​២នាក់​ បាន​រក​ឃើញ​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​ ទុក​ក្នុង​ថត​ ក្បែរប្រអប់លេខ ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​ជាតិ​ចិន​ និង​រថយន្ត មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឆែកឆេរ​បន្ត​ ។
លោក​ឧត្តម​សេនីយ៍​ស្នងការបានប្រាប់អោយដឹងថាជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ YANG REN CHEN​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពំុមានលិខិតឆ្លងដែនជាប់នឹងខ្លួន)​​ ។
២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ជាអ្នករួមដំណើរ​ កាន់លិខិតឆ្លងដែនលេខ G61047083​ មានសុពលភាព 05.04.2022​ ទិដ្ឋាកាលេខ EI 01596117​ មានសុពលភាព 21.02.2019​ ​។
ចំណែកវត្ថុ​តាងដែល​ចាប់​​បានរួមមាន៖ -ម្សៅក្រាមពណ៌ស​សង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ (១កញ្ចប់ធំ និង៤២កញ្ចប់តូច​ ) -បំពង់សារ៉ាងមានពណ៌ក្រហមចំនួន១៤ ដើម​ -ទូរសព័្ទ​ ចំនួន ១ គ្រឿង​​​​​ -​រថយន្ត ១គ្រឿង ម៉ាក LEXUS 330
ជនសង្ស័យ​ទាំងពីរ​ រួមនិងវត្ថុតាងសមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមនីតិវិធី ៕

Comments

comments