ចិន​ម្នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន​ពេល​មក​សុំយក​រថយន្ត​ដែល​ឃាត់​ទុក​ក្នុង​បរិវេណ​ក្លិប​ខារ៉ាអូខេ​បន្ទាប់​ពី​ឆែក​ក្នុង​រថយន្ត​នោះ​ឃើញ​មាន​ថ្នាំ​ញៀន​

121

(​ព្រះសីហនុ​)៖ បុរសជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពេលមកសុំយករថយន្តទៅវិញនៅបរិវេណ​ក្លិប​ខារ៉ាអូខេ​ដែលសមត្ថកិច្ចចុះបង្រ្កាបពាក់ព័ន្ធគ្រឿងញៀនកាលពីពេលកន្លងទៅ ។

លោក​ឧត្តម​សេនីយ៍​ត្រី ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បានឲ្យដឹង​ថា៖ នៅ​រសៀល​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ បាន​យក​ឯកសារ​ផ្សេង​ៗ​សំគាល់​យាន​យន្ត​របស់​ខ្លួន​មក​ទំនាក់ទំនង​សុំ​យក​រថយន្ត​ ហាយ​ឡែ​ន​ដឺ ​ពណ៌​ខ្មៅ​ ផ្លាក​លេខ​ព្រះសីហនុ​ 2C-5768 មួយ​គ្រឿង​ ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​ ដែល​បាន​ឃាត់​ទុកក្នុង​បរិវេណ​ក្លិប​ខារ៉ាអូខេ​ស៊ី​ង​តុង​ហ្វង​ ពាក់​ព័ន្ធ​ទៅ​នឹង​ទីតាំង​លក់​ចែកចាយ​ ប្រើ​ប្រាស់​ថ្នាំ​ញៀន ដែល​សមត្ថកិច្ច​បាន​ក្រសោប​ចាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦​សីហា​ ។
បុរស​ចិន​នោះ​អៈអាង​ថា​ រថយន្ត​របស់​គាត់​បាន​ផ្ញើ​ទុក​នៅ​ទីនោះ​ពុំមាន​ពាក់​ព័ន្ធ​បទល្មើស​អ្វី​ទេ​។
លោក​ ស៊ុន​ សុផាត​ ស្នងការរង​ បានបញ្ជាក់​ថា៖ លុះ​ពេល​យើង​ឆែកក្នុង​រថយន្ត​នោះ​ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំញៀន​ជាច្រើន​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀនទៀតផង ។ ភ្លាម​ៗ​នោះ​លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណារិន្ទ​ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​អោយ​ចាប់​ដាក់​ខ្នោះ​ដៃ​ជនជាតិ​ចិន​ម្នាក់​នោះ​តែម្ដង​ គាត់​ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបរ​អ្នក​ជំនួញ​ ព្រម​ទាំង​ចាប់​យក​បាន​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ញៀន​ចំនួន​ចំនួន​៤មុខ ៖ ១-ម្សៅក្រាមពណ៌សថ្លា​ សង្ស័យជាសារធាតុញៀនចំនួន ៤ កញ្ចប់តូច ។ ២-កាហ្វេដែលសង្ស័យជាសារធាតុញៀន ចំនួន​២​កញ្ចប់​។
៣-ជញ្ជីងថ្លឹងចំនួន ១ ។ ៤-ថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ។

តាម​ការ​កត់​សម្គាល់​របស់​សមត្ថកិច្ច​ បុរស​ជនជាតិ​ចិន​ម្នាក់​នេះ​ជាមុខ​សញ្ញា​មេ​ខ្លោង​លក់​ថ្នាំ​ញៀន​សំខាន់​ម្នាក់​ ពី​ព្រោះ​មាន​ទាំង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ ម្យ៉ាងទៀត​នៅ​ថ្ងៃ​ដែល​ចាប់​ជន​ជាតិ​ចិន​ទាំង​៦២នាក់​ កាល​ពី​ថ្ងៃ​ទី​២៦​កន្លង​ទៅ​នេះ​ គេ​សង្កេត​ឃើញ​បុរស​ម្នាក់​នេះ​ មាន​អារម្មណ៍​ច្រាស់​ច្រាល​ នៅ​មុខ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ សំ​បើម​ណាស់​។
ករណីនេះកម្លាំងជំនាញ​កំពុងកសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅសាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

Comments

comments