បុរសជនជាតិចិន២នាក់ធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកកាបូបលុយ របស់ជនជាតិខ្មែរត្រូវនគរបាលក្របួចជាប់

76

(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់បាន មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកកាបូបលុយ របស់ជនរងគ្រោះជាជនជាតិខ្មែរ ខណៈពេលដែលជនរងគ្រោះចតរថយន្តទុកចោលនៅលើផ្លូវ ហើយទៅញាំបង្អែម ក្រោយពេលផ្អើលឆោឡោ នគរបាលតាមចាប់បានថែមបក្សពួកម្នាក់ទៀតសរុបចាប់បាន២នាក់ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង ៤៥នាទី នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួច ( គាស់ទ្វាររថយន្តលួចយកកាបូបលុយ ) មួយកើតឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកកាបូបលុយ របស់ជនរងគ្រោះជាជនជាតិខ្មែរ ខណៈពេលដែលជនរងគ្រោះចតរថយន្តទុកចោលនៅលើផ្លូវ ហើយទៅញាំបង្អែម ពេលនោះជនសង្ស័យបានគាស់ទ្វាររថយន្តរបស់ជនរងគ្រោះ ហើយចូលទៅក្នុងរថយន្តដើម្បីលួចលុយ តែត្រូវជនរងគ្រោះឃើញទាន់ពេលក៏រត់សំដៅមករថយន្ត ពេលជនសង្ស័យឃើញម្ចាស់រថយន្តមក គេក៏ចុះចេញពីរថយន្តរត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៏ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតចាប់បានជនសង្ស័យ និងបក្ខពួកសរុប ០២នាក់ ។

ប្រភពដដែលបានអោយដឹងបន្ថែមថា -ជនរងគ្រោះមានឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ XU MENG JIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ) ។ ២-ឈ្មោះ CHEN WEI JIAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកដូរលុយតាមទូរស័ព្ទដៃ លិខិតឆ្លងដែនលេខៈ EC៩០៧៤៦០១ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (បក្ខពួក) ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖-កាបូបយួរដៃ ០១ ពណ៌សូកូឡា (ផលនៃអំពើលួចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨) -ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE X ពណ៌ខ្មៅ និងម៉ាក NOKIA ពណ៌ស) ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចយើងថា កន្លងមកពួកគេបានធ្វើសកម្មភាព គាស់ទ្វាររថយន្តលួចយកលុយ ចំនួន ០៣លើក៖-លើកទី១ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប ០១ មានលុយចំនួន ៣៩,០០០ដុលារ ( បីម៉ឺនប្រាំបួនពាន់ដុល្លារ ) ។ -លើកទី២ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ នៅមុខក្រុមហ៊ុន L.G ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានកាបូប ០១ មានលុយជាង ១,០០០ដុល្លារ ( មួយពាន់ដុល្លារ ) ។ -លើកទី៣ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មិនបានសម្រេច ព្រោះក្នុងពេលធ្វើសកម្មភាពត្រូវម្ចាស់រថយន្តមកទាន់ ។

ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

Comments

comments