ខ្សែមួយ ឬសាដៀវ ជាឧបករណ៍គ្រឿងកេះ ត្រែះ ឬដេញមួយប្រភេទរបស់ខ្មែរយើងដែលរួមផ្សំប្រគំនៅក្នុងវង់ភ្លេងអារក្ខ ដែលគេជឿថា មានអាយុកាលច្រើនពាន់ឆ្នាំមកហើយ ពោលគឺតាំងពីមុនព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហូរចូលមកតំបន់ជ្រោយសុវណ្ណភូមិម៉្លេះ ។ ឧបករណ៍តន្ត្រីសាដៀវក៏ជាឧបករណ៍មួយសមប្រកបនៅក្នុងវង់ភ្លេងប្រពៃណីខ្មែរ(ភ្លេងការ) ដែលគេជឿថា មានអាយុកាលតាំងពីការកកើតឡើងនៃព្រះរាជវង្ស ព្រះបឋមមហាក្សត្រខ្មែរ… ពិសេ សគឺជាកេរដំណែលដែលចេញមកពីពិធីរាជាពិសេក(អាពាហ៍ពិពាហ៍ មង្គលការ) រវាងព្រះថោង និងនាងនាគ ឬកៅណ្ឌិន្យ និងព្រះនាងសោមា ឬក៏ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី នៅដើមសតវត្សទី១នៃគ្រឹស្តសករាជនោះឯង ។
យោងតាមសៀវភៅ«ទស្សនីយភាពខ្មែរ»បានលើកឡើងថា រហូតមកដល់សព្វថ្ងៃនេះ គេសង្កតឃើញមានរូបចម្លាក់នៃឧបករណ៍តន្ត្រីសាដៀវនៅលើផ្ដែរ ឬជញ្ជាំងប្រាសាទជាច្រើនដូចជា ប្រាសាទសំបូរព្រៃគុក ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទដទៃទៀតជាដើម ។ ឧបករណ៍តន្ត្រីនេះមានខ្សែតែមួយ ដែលវេញដោយសរសៃសូត្របញ្ចូលគ្នា(ឥឡូវគេប្រើខ្សែលួសជំនួសវិញ)ដាក់សណ្ដូកតាមបណ្ដោយដងយ៉ាងវែងធ្វើពីឈើរឹង ហើយភាគច្រើនរចនាជារូបក្បាលពស់ ឬនាគដោយចងរឹតខ្សែនោះពីចុងដងមកចងភ្ជាប់នឹងព្រលួត ដែលនៅខាងគល់ដង (ខុសពីឧបករណ៍ចាបីុដែលព្រលួតសម្រាប់រឹតសំឡេងស្ថិតនៅខាងចុងដង ) ព្រមទាំងមានយកសម្បកឃ្លោកទុំ(ឃ្លោកក្អម)កាត់មួយកំណាត់មកចងភ្ជាប់នឹងដងជិតព្រលួតដោយយកផ្នែកកស្ដួចនៃសម្បកឃ្លោកនោះទៅចងជាប់នឹងគល់ដងដើម្បីធ្វើជាប្រអប់សំឡេង ។ ឃ្លោកដែលជាប្រអប់សំឡេងនេះមិនមានសន្ទះទេ គឺគេទុកឱ្យនៅប្រហោងដូចសម្បកឃ្លោកធម្មតា។ ពេលគេប្រគំគឺយកសម្បកឃ្លោកនោះមកដាក់ផ្ទប់នឹងដើមទ្រូងតន្ត្រីករ អ្នកប្រគំ ឬដេញឧបករណ៍ខ្សែមួយនេះដើម្បីឱ្យមានសំឡេងខ្ទ័រឡើង ។ គេកេះ ឬត្រែះ ឬដេញឧបករណ៍នេះដោយក្រចកធ្វើពីបន្ទះលោហធាតុមូរស៊កនឹងនាងដៃ… ។ អាស្រ័យដោយឧបករណ៍មានភិនភាគពិសេសយ៉ាងដូច្នេះហើយទើបខ្មែរយើងនិយមឱ្យឈ្មោះថា ខ្សែមួយ ឬសាដៀងយ៉ាងដូច្នេះ ។
ចំណែកខាងចម្រៀងខ្សែមួយ ឬចម្រៀងសាដៀវវិញមិនខុសអី្វពីចម្រៀងចាប៉ីរឿង ឬ ចាប៉ីឆ្លងឆ្លើយឡើយ គឺជាប្រភេទចម្រៀងរៀបរាប់រឿង… និងពេលខ្លះជាចម្រៀងដេញប្រាជ្ញចោទឆ្លើយគ្នា ជាកំណាព្យកាព្យឃ្លោងឥតព្រាងទុកយ៉ាងប៉ិនប្រសប់ ដោយចម្រៀងខ្លួនឯងត្រូវច្រៀងផងដេញសាដៀវខ្លួនឯងផង ឬពេលខ្លះក៏មានអ្នកដេញសាដៀវជំនួសផងក៏មាន ។
ជាភាពជាក់ស្ដែង នៅក្នុងសង្គមកម្ពុជាសិល្បៈចម្រៀងខ្សែមួយក៏ដូចជាសិល្បៈចម្រៀងចាប៉ីដែរ គឺជាប្រភេទសិល្បៈផ្នែកគំនិត(Art Cérébral ) ស្ងប់ស្ងៀមមិនអាសអាភាស ប៉ុន្តែមានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សខ្មែរ ទាំងឱ្យមានចំណេះដឹង ទាំងឱ្យមានចំណេះធ្វើ កសាងសីលធម៌សង្គម ជួយជំរុញឱ្យសង្គមជាតិរស់រានប្រកបដោយធម៌យោគយល់ សុខសុភមង្គល ។ គេមានជំនឿជឿជាក់ថា តាំងពីយូរលង់ណាស់មកហើយចម្រៀងសាដៀវ ឬចម្រៀងខ្សែមួយនេះ(តិច ឬច្រើន) តែងមានវត្តមានជានិច្ចក្នុងសង្គមជាតិកម្ពុជា ជាសិល្បៈមួយប្រភេទសម្រាប់ការអប់រំ… ។
សៀវភៅ «ទស្សនីយភាពខ្មែរ» បញ្ជាក់ថា រហូតមកដល់អំឡុងចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០ ចម្រៀងខ្សែមួយ ឬសាដៀវលេចមុខកាន់តែខ្លាំងឡើងនៅក្នុងសង្គមកម្ពុជា… ដោយនៅអំឡុងពេលនោះ សង្គមបរិយាកាសនៅកម្ពុជា ត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងព្រោះអាណានិគមនិយមបារាំងបានប្រើអំណាចរំលោភទាំងកំរោលបង្ខំដាក់ប្រទេសកម្ពុជាឱ្យទៅជាប្រទេសក្រោមអាណានិគមរបស់ខ្លួនចាប់ពីឆ្នាំ១៨៨៤(បណ្ដាំក្រមង៉ុយ ពុទ្ធសាសនបណ្ឌិត្យ១៩៩៨,ជីវប្រវត្តិអ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយ (១៨៦៥-១៩៣៦)ស្រាវជ្រាវដោយលោកសាស្ត្រាចារ្យ យី ធន់ ) ។ ក្នុងអំឡុងពេលដែលប្រទេសជាតិជួបវិបរឹតមានវិបត្តិយ៉ាងច្រើន ប៉ះពាល់ដល់គ្រប់វិស័យរបស់សង្គមជាតិក៏ដូចជាជីវភាពរស់នៅរបស់ប្រជារាស្ត្រទូទាំងប្រទេសនេះ អ្នកប្រាជ្ញប្រជាប្រិយខ្មែរម្នាក់ គឺអ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ក្រមង៉ុយ(១៨៦៥-១៩៣៦) បានដើរទេសន៍ ឬច្រៀងដើម្បីអប់រំជនជាតិខ្មែរនៅគ្រប់តំបន់ដោយប្រើឧបករណ៍តន្ត្រីខ្សែមួយ ឬសាដៀវនេះ។ គាត់និយមយកសម្បកឃ្លោកចងក្នុងបង្វេចស្ពាយ ហើយយកដងសាដៀវនោះធ្វើឈើច្រត់ក្នុងពេលធ្វើដំណើរកាត់ពីទីមួយទៅទីមួយទៀត…។ ក្រមង៉ុយអាចយកសម្បកឃ្លោកក្នុងបង្វេចនោះផ្គុំជាមួយដងដែលជាឈើច្រត់បានជាសាដៀវ ភ្លាមៗ ក្នុងពេលដែលគាត់ត្រូវការដើម្បីបានជាឧបករណ៍តន្ត្រីជូនចម្រៀងរបស់លោក ពន្យល់ប្រជារាស្ត្រអំពីការលំបាកសព្វបែបយ៉ាងពីការបាត់បង់ឯករាជ្យ និងសេរីភាព ពន្យល់ណែនាំប្រជារាស្ត្រឱ្យខិតខំសិក្សារៀនសូត្រ… ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត… ទូន្មានប្រៀបប្រដៅឱ្យមានការប្រុងប្រយ័ត្នកុំឱ្យបែកបាក់គ្នា និងឱ្យខ្មែររួបរួមសាមគ្គីគ្នាជាដើម ។ល។ ដែលធ្វើឱ្យកិត្តិនាមរបស់គាត់ល្បីរន្ទឺយ៉ាងក្រៃលែង ។
ក្រុមអ្នកស្រាវជ្រាវសម្ដែងការព្រួយបារម្ភព្រោះរហូតមកដល់ពេលកត់ត្រា ឬសរសេរអត្ថបទស្ដីពីសាដៀវ(ខែមេសា ឆ្នាំ២០០៣ និងមកដល់បច្ចុប្បន្ន ) បានសង្កេតឃើញថា ឧបករណ៍ចាបីុដងវែង ក៏ដូចជាឧបករណ៍ខ្សែមួយ ឬសាដៀវដែរ ហាក់ដូចជាមានកម្រិតស្រុតចុះយ៉ាងខ្លាំងក្នុងការសមប្រកបនៅក្នុងវង់ភ្លេងប្រពៃណី ឬភ្លេងការខ្មែរ ពិសេសគឺនៅរាជធានីភ្នំពេញ … ដោយតន្ត្រីករភាគច្រើន យកឧបករណ៍តន្ត្រីផ្សេងៗដូចជា ឃឹម ឬតាខេ ជាដើមជំនួសវិញ (នេះប្រហែលជាមកពីឧបករណ៍ចាប៉ីដងវែង ឬសាដៀវខ្សែមួយពិបាករៀន ? ឬក៏ដោយប្រការណាផ្សេង?) ។
ម្យ៉ាងទៀត ចំណែកខាងចម្រៀងសាដៀវ ឬចម្រៀងខ្សែមួយនេះវិញ ក្រុមអ្នកស្រាវជ្រាវអាចជួបដោយកម្រក្នុងពេលបច្ចុប្បន្ននេះ… ហើយបើបានឃើញម្ដងម្កាលនោះសង្កេតឃើញថា ច្រើនមានអ្នកចម្រៀងដោយឡែក និងអ្នកដេញឧបករណ៍ខ្សែមួយ ឬសាដៀវកំដរ ឬជូនចម្រៀងនោះដោយឡែកទៀតផង ។ ពោលគឺមិនដូចចម្រៀងចាប៉ីរឿង ឬចាប៉ីឆ្លងឆ្លើយទេដែលរហូតមកដល់ពេលនេះសង្កេតឃើញមានសិល្បករជាច្រើននៅទូទាំងប្រទេស ហើយការសម្ដែងជូនប្រជាជន មហាជនទាំងនៅរាជធានីភ្នំពេញ តាមខេត្ត ក្រុងនានាក៏ដូចជាការផ្សាយតាមបណ្ដាញទូរទស្សន៍ជាច្រើនខ្សែ និងចេញទៅសម្ដែងនៅបរទេស ដូចជានៅប្រទេសបារាំង…ឃើញថា មានចំនួនច្រើន ព្រមដោយគុណភាពភាពជំនាញគួរជាទីមោទនៈក្រៃលែង ៕