ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងវិនិយោគ លើវិស័យសំណង់សរុប៤ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងឆ្នាំនេះ កើនឡើង ៤៣ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
នេះបើតាមរបាយការណ៍របស់ក្រសួង។ ទិន្នន័យបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថាក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០១៧ នេះ ទាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៦០៥,០០៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៦ មានចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៩៣១,៤៨៩ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ២,៨០៥,៧៨០,២១៧ ដុល្លារសហរដ្ឋអាមេរិក គឺមានការកើនឡើងប្រមាណ ៤៣.៣៧%។ ចំណែកទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗវិញគិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ ០៤ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន (១៣៨/២០១៦) និង ១៤៧ទីតាំង។
គិតចាប់តាំងពីឆ្នាំ២០០៥ ដល់ ០៤ខែ ឆ្នាំ២០១៧ នៅមានអគារខ្ពស់ចាប់ពី០៥ជាន់ឡើងទៅមានចំនួនសរុប (៨៧៦/២០១៦) និង ៩០១អគារ។គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣,២៣៨,១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤,៥៣៩,៦០០,៩៦១ដុល្លារសហរដ្ឋអាមេរិក។ របាយការណ៍បង្ហាញថា ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាព ១,០១១ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនសិក្សាគម្រោងប្លង់មាន ៤១ ក្រុមហ៊ុនផងដែរ៕