ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា សាកសពដែលរថយន្តបុកនិងអូសខ្ទេចទាំងខ្លួនទៀតនោះ ជនរងគ្រោះគឺលោក ជា សុីវ៉ាន់ មុខរបរគ្រូបង្រៀននៅសាលា សម្ដេច ហ៊ុន សែនក្រុងព្រះសីហនុ ករណីនេះកើតឡើងតាំងពីវេលាម៉ោង ជាង៦ យប់ថ្ងៃទី ២ មិថុនា ២០១៩ ដែលស្ថិតនៅផ្លូវកាត់ ចុះចំណោទអូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បើតាមប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍ប្រាប់ថា ជន រងគ្រោះបានជិះម៉ូតូ សង់ C125 ឆ្នាំ ២០១៧ ធ្វើដំណើរពីកើតទៅទិសខាងលិចតែម្នាក់ឯងមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកបេតុងចុះចំណោទ (តាមប្រភពថា ដាច់ហ្វាំង) បានបុកនិងរុញទាំងជនរងគ្រោះនិងម៉ូតូ បន្តបុកចូលការដ្ឋានសំណង់ដែលកំពុងសាងសង់នៅកន្លែងកើតហេតុបណ្ដាលឲ្យជនរងគ្រោះបែបសាកសពស្ទើរតែមើលលែងស្គាល់តែម្ដង។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សូម បញ្ជាក់ផងដែរថា មួយរយៈកន្លងមកនេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្អូញត្អែរថា រថយន្តក្រឡុកសុីម៉ង់ត៍បានបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ភាគច្រើនបានបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ និងសម្លាប់មនុស្ស ដោយការបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ពួកគាត់ជាប្រជាពលរដ្ឋត្អូញត្អែរថា មានការភ័យខ្លាចណាស់ សម្រាប់រថយន្តក្រឡុកសុីម៉ង់ត៍ទាំងនេះ សូមសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមេត្តាជួយរឹតបន្តឹងបន្ថែមទៀតផង៕