ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុបានកោះហៅលោកមេប៉ុស្តិ៍ប៉ូលិសឃុំរាមម្នាក់ និងបក្ខពួក ករណីឃាតកម្មមួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយសាកសពត្រូវបានគេយកទៅបោះចោលនៅក្បាលស្ពានទឹកសាប។ បើតាមលោកវរៈសេនីយ៍ទោ ហួរ យ៉ៃ បានឲ្យដឹងថា នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩ ករណីនេះលោកបានបញ្ជូនទៅថ្នាក់លើផុតពីដៃហើយ មិនអាចដឹងបានទេ លោកមិនបានលម្អិតលើសំណុំរឿងនេះឡើយ ព្រោះជាប់ប្រជុំ។ ក្នុងនោះ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានទាំងលោកប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរាមឈ្មោះ គង់ សាម៉ៃ ប្រជាការពារភូមិមួយចំនួនរួមនិងម្ចាស់ផ្ទះបង្កហេតុសរុប មាន៥នាក់។
ទោះជាយ៉ាងនេះក្តី ពលរដ្ឋក្នុងភូមិទឹកសាបឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅក្បែរផ្ទះកើតហេតុ បានបង្ហើបថា មុនពេលកើតហេតុជនរងគ្រោះជាមនុស្សចាំដីឲ្យថ្នាក់ដឹកនាំនៅផ្តុំនោះ ជាមួយគ្នាតែជនរងគ្រោះស្រវឹងស្រា នៅវេលាម៉ោងប្រហែល៩យប់ ជនរងគ្រោះបានមករុញច្រានទ្វារផ្ទះ(ម៉ែអាគៀត) ដោយមានសំឡេងស្រែកជេរបញ្ចោផងដែរ ភ្លាមៗនោះកូនប្រុសពៅរបស់ម៉ែអាគៀត មិនស្គាល់ឈ្មោះក៏លីកាំបិតផ្គាក់ចេញមកកាប់ទៅលើជនរងគ្រោះដាច់ស្មាម្ខាងធ្លាក់តែម្តង ហេតុការនេះបានកើតបែបនេះ ម៉ែអាគៀតម្ចាស់ផ្ទះបានទូរស័ព្ទរាយការណ៍ទំនាក់ទំនងជាមួយលោកមេប៉ុស្តិ៍ឃុំរាម ឈ្មោះ គង់ សាម៉ៃ ឲ្យមកជួយយកជនរងគ្រោះទៅណា ក៏ទៅចុះធ្វើម៉េចឲ្យផុតពីផ្ទះគាត់ ដោយសន្យាឲ្យឈ្នួល១០,០០០ដុល្លារ(មួយម៉ឺនដុលា្លរ) គ្រាន់តែឮដូច្នេះលោកមេប៉ុស្តិ៍ចាត់ការដោយប្រើកងប្រជាការពារម្នាក់ទៀត ដឹកយកទៅផ្លុងចោលតែម្តង។
ពាក់ព័ន្ធនិងរឿងរ៉ាវនេះលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងប្រាប់តាម ទូរស័ព្ទថា ជនរងគ្រោះគឺជាមនុស្សសតិមិនប្រក្រតី ហើយមិនមែនជាករណីមនុស្សឃាតអីទេ ដំបូងឡើយមេប៉ុស្តិ៍បានទទួលទូរស័ព្ទថា មានគ្រោះថ្នាក់ចរាចរណ៍តែពេលគាត់ទៅពិនិត្យមើលមិនឃើញ ១០នាទីក្រោយមកទើប ទទួលទូរស័ព្ទពីម្ចាស់ផ្ទះថា មានមនុស្សទៅអុកឡុកទើបមេប៉ុស្តិ៍នាំប្រជាការពារទៅមើលនិងជួយចាប់ទាញចេញពីមុខផ្ទះនោះ…។ ការអញ្ជើញលោកមេប៉ុស្តិ៍មកស្នងការនេះគ្រាន់តែចង់សួរគាត់បញ្ជាក់បន្ថែមនោះទេ។
សូមបញ្ជាក់ថា រឿងរ៉ាវនេះកើតឡើងតាំងពីយប់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩មកម៉្លេះ ប៉ុន្តែនៅតែមានចំណុចសង្ស័យជាច្រើននៅក្នុងសំណុំរឿងនេះ ដោយសារការលើកឡើងរបស់ពលរដ្ឋអ្នករស់នៅជិតខាងនិងប្រសាសន៍លោកស្នងការនគរបាលខេត្តព្រះសីហនុ។ រឿងរ៉ាវនេះយ៉ាងណាបន្តទៀតនោះនិងមានផ្សាយបន្ថែមនៅពេលក្រោយ៕