ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុនស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។
ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ។
ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។
រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។
តាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ុំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។
ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ៕
ម