ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ។
តាមសម្តីបុរសត្រូវជាឪពុកបង្កើត បានប្រាប់អោយដឹងថា សពស្ត្រីខាងលើមានឈ្មោះ ពន្លក ចិន្តា អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
បុរសដដែលគាត់បានបញ្ជាក់ថា កូនស្រីរបស់គាត់ មានប្តីចំនួន២នាក់ហើយ តែបានលែងលះគ្នាទាំងពីរ ដោយបានបន្សល់ទុកកូនប្រុសតូច អាយុក្រោម៥ឆ្នាំ ចំនួនពីរនាក់រស់នៅជាមួយ បន្ទាប់ពីលែងលះគ្នាជាមួយប្តីក្រោយហើយ នាងតែងតែដើរចេញពីផ្ទះដោយទុកកូនអោយនៅជាមួយ លោកតានឹងយាយ ។
ប្រហែលជានាងនៅមានភាពអាម៉ាស់ ទើបនាងបានសម្រេចមកជួលបន្ទប់ស្នាក់នៅត្រង់ចំណុចកើតហេតុនេះ អស់រយៈពេលជាង២ខែហើយ ក៏កើតមានរឿងបែបនេះតែម្តងទៅ ។
បើតាមសម្តីស្ត្រីជាម្ចាស់បន្ទប់ជួល បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងបានចំនួនជាង២ខែហើយ ទំនងនាងខូចចិត្តនឹងជីវិតរបស់នាង ទើបនាងតែងតែទិញស្រាទៅផឹកក្នុងបន្ទប់រាល់ថ្ងៃ ពេលខ្លះចេញទៅផឹកនៅខាងក្រៅ ។ រហូតដល់ព្រឹកថ្ងៃកើតហេតុនេះមិនបានឃើញនាងចេញពីបន្ទប់ជួលជាន់ទី២មកខាងក្រៅទើបស្ត្រីជាម្ចាស់ផ្ទះមានការសង្ស័យឡើងទៅមើល នឹងស្រែកហៅតែមិនបានបើកទ្វារ ក៏ឆ្ងល់ហើយហៅអ្នកបន្ទប់ក្បែរគ្នា មកគាស់ទ្វារមើលឃើញស្ត្រីរងគ្រោះដេកស្តុកស្តឹងស្លាប់បាត់បង់ ជីវិតទៅហើយ ។
ក្រោយកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើកសាកសពខាងលើ ។
ជាក់ស្តែងក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម មន្ត្រីនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ ចុះដល់ទីតាំងកើតហេតុនឹងបានពិនិត្យទៅលើសពស្ត្រីខាងលើរួចអោយដឹងថា ពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន នៅលើខ្លួនប្រាណសពគ្មានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់នោះទេ ជាពិសេសពេលនាងដេកស្លាប់គឺទ្វារចាក់សោពីខាងក្នុង ៕ប្រភពដើមkbn.news