ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងឱកាស (បុណ្យរុក្ខទិវា) នៅក្នុងបរិវេណវត្តអូត្រេះ ស្ថិតក្នុង ភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៩។ ពិធីនេះក៏មានការចូលរួម ពីមន្ត្រីគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ជាមួយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងព្រះចៅអធិការវត្តអូត្រេះ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ទៅកាន់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ទីរពាក់ព័ន្ធ គ្រប់ក្រសួងអង្គភាព ជុំវិញខេត្តថា ពិធីរុក្ខទិវា នាពេលនេះ ប្រារព្ធឡើង ក្នុងអត្ថន័យយ៉ាងជ្រាវជ្រៅបំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គភាពមន្ទីរពាក់ព័ន្ធ ឱ្យមានគំនិត ការថែរក្សា ព្រៃឈើ របស់យើង និងឱ្យចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើឡើងវិញ ដើម្បីប្រែក្លាយ ឱ្យមានធម្មជាតិស្រស់បំព្រង ដើម្បីអភិវឌ្ឍ ធនធានព្រៃឈើ ឲ្យកាន់តែសម្បូរឡើងថែមទៀត និងដើម្បីមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ ខេត្តព្រះសីហនុផងដែរ។
ឯកឧត្តមបន្តថា ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ការពារកំដៅ បញ្ហាបរិស្ថាន និងជួយទប់ស្កាត់ ភាពរាំងស្ងួត នឹងគ្រោះទឹកជំនន់ ទៀតផង។
ការចូលរួមដ៏កុះករ របស់បងប្អូននៅពេលនេះ គឺជានិមិត្តរូបនៃការបន្ត វប្បធម៌ប្រពៃណី ឧស្សាហ៍ព្យាយាម របស់បងប្អូនខ្មែរ ដែលមានទំនៀមទម្លាប់ តាំងពីបុរាណកាល ហើយទុកជាមរតក ដល់មនុស្សជំនាន់ក្រោយ នូវកេរ្តិ៍ដំណែលទាំងនេះ និងចាត់ទុកជា កាតព្វកិច្ច យ៉ាងសំខាន់ដល់បងប្អូនយើងរាងៗខ្លួន។ ពិតណាស់ ថាព្រៃឈើជាតិយើងជាវត្ថុមានតម្លៃ ចំពោះមនុស្ស សត្វ និងផែនដី។ ដោយមើលឃើញនូវសារៈសំខាន់របស់ព្រៃឈើ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ពិសេសទៅលើការអភិរក្ស និងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ប្រយោជន៍បម្រើឲ្យសង្គម សេដ្ឋកិច្ច សម្រាប់មនុស្សបច្ចុប្បន្ន និងអនាគតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្រសួងមន្ទីរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឲ្យព្យាយាមអនុវត្តដោយយកចិត្តទុកដាក់តាមបទបញ្ជា របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឲ្យបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណា នឹងនាំឲ្យមានការបំភ្លេចបំផ្លាញព្រៃឈើ និងសត្វព្រៃ ដូចជាកាប់រំលំដើមឈើធំៗ និងដឹកយកទៅលក់ និងសកម្មភាពព្រៃឈើដើម្បីយកដី ជាកម្មសិទ្ធិ ។ល។
ហើយយើងទាំងអស់គ្នាត្រូវរួមចំណែក ចូលរួមដាំដើមឈើ បំផុសគំនិតក្នុងការថែរក្សាព្រៃឈើ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើងគ្រប់ៗគ្នា៕