ពិធីប្រកាសនិងផ្ទេរភារកិច្ចប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​

69

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុខេត្តព្រះសីហនុមានពិធីប្រកាសនិងផ្ទេរភារកិច្ចប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹកថ្ងៃទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ លោកស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និងដឹកជញ្ជូន​លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងមានការចូលរួមសមាជិកក្រុមប្រឹក្សាអភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការជុំវិញខេត្ត។

ប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនលេខ២២៥ សក.បល.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចផ្លាស់ប្តូរលោកណុប ហេង ពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ទៅកាន់ទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនវិញរង់ចាំទទួលភារកិច្ចថ្មី ហើយលោកបូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការនិងដឹកជញ្ជូនតែងតាំងតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ។

លោកបូរី វង្សសានិត្យ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុដែលទើបតែទទួលបានតំណែងថ្មី បានប្ដេជ្ញាចិត្តអនុវត្តនូវអនុសាសន៍ចតុកោណក្នុងដំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ច្បាប់ និងបទដ្ឋាននានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល គោលការណ៍ណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន គណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ទាំងបរិមាណនិងគុណភាព។រឹតចំណង និងប្រមូលផ្ដុំកម្លាំងសាមគ្គីផ្ទៃក្នុងអង្គភាព គោរពមនសិការវិជ្ជាជីវៈបង្កើតសមត្ថភាពអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់។សហការល្អ ជាមួយបណ្ដាមន្ទីរ អង្គភាពនានាអាជ្ញាធរដែនដីគ្រប់គ្រងលំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទក្រោមឱវាទខេត្ត ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ។ទទួលយកនូវរាល់ដំបូន្មានល្អៗពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងទទួលព័ត៌មានគ្រប់មជ្ឈដ្ឋាននានា ក្នុងន័យរិះគន់ ដើម្បីស្ថាបនា ដើម្បីឲ្យមន្ត្រីអនុវត្តបានសម្រេចភារកិច្ចប្រកបដោយផ្លែផ្កានឹងទទួលបានជោគជ័យ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា លោកពិតជាមានបីតិសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីផ្ទេរសម្រួលភារកិច្ចនិងចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុដែលសហការរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលខេត្តព្រះសីហនុ។លោកបានបញ្ជាក់ថាខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមានសក្តានុពលដ៏សម្បូរបែបខេត្តមានផ្ទៃដីសរុបប្រមាណ២,៦៥៨.៩០គីឡូម៉ែត្រការ៉េឆ្នេរសមុទ្រមានប្រវែង១៧៥,៨១គីឡូម៉ែត្រនិងមានកោះធំតូចចំនួន៣២កោះចែកចេញជា២ក្រុង និង៣ស្រុកមានឃុំចំនួន២៣ សង្កាត់ចំនួន៦ថ្មើរនឹង ១១១ភូមិមានប្រជាពលរដ្ឋសរុប២១៤,៦៣០នាក់ ក្នុងនោះស្រ្តី១០៨,០២១នាក់នឹងមានអត្រាកំណើនប្រជាជនប្រចាំឆ្នាំចំនួន២%។ប្រជាពលរដ្ឋប្រកបរបរពិសេសលើវិស័យកសិកម្មជាចំបងមាន២៩.២០% គ្រួសារប្រកបរបរនេសាទ៤% សេវាកម្មមាន៦៤.៨០%និងសិប្បកម្ម២%។

ខេត្តមានអត្រាកំណើនសេដ្ឋកិច្ច៨.៧% ហើយប្រជាពលរដ្ឋម្នាក់ៗទទួលបានប្រាក់ចំណូលជាមធ្យម៣,៣៥៨ដុល្លាអាមេរិក ដែលធ្វើអោយអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយជាច្រើន៕

Comments

comments