ខេត្តព្រះសីហនុ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកក្របាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាព គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ពិធីប្រព្រឹត្តទៅនៅព្រឹកថ្ងៃច័ន្ទទី ២៩ ខែកក្កដា ឆ្នាំ ២០១៩។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ,មន្ត្រី ទីស្នាក់ការកណ្ដាល សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជានិងអ្នកពាក់ព័ន្ធសរុបប្រមាណ ជា ២៤៨ នាក់។
ក្នុងអាណិតទី ៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានសម្រេចតែងតាំង ឯកឧត្តមឧកញ៉ា កុក អាន ជាប្រធានកិត្តិយសសាខា និងឯកឧត្តម គួចចំរើន ជាប្រធានគណៈកម្មាធិការសាខា រួមជាមួយ សមាសភាពគណៈកម្មាធិការសាខាចំនួន ១៥ រូបនិងសមាជិកបម្រុងចំនួន ២ រូប ដែលបានអានសេចក្ដីសម្រេចដោយលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្ដេចប្រតិពន្ធ ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងអាណត្តិចាស់ដែលបានខិតខំសម្រេចនៅ សមិទ្ធផល ធំធេង។ ទន្ទឹមនឹងនេះលោកជំទាវបានពាំនាំ អនុសាសន៍របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានដែលមានខ្លឹមសារថា (ការរៀបចំសមាសភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត ត្រូវមានការបត់បែន និងជាសិទ្ធិសម្រេចរបស់គណៈកម្មាធិការសាខា ប៉ុន្តែត្រូវមានការអញ្ជើញចូលរួមពិគ្រោះ និងផ្ដល់យោបល់ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជាដើម្បីឲ្យបានឆ្លើយតបទៅនឹងសំណូមពរឬសេចក្ដីត្រូវការជាក់ស្ដែង ក្នុងមូលដ្ឋានធ្វើយ៉ាងណា ឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅជាមុន នឹងទៅឲ្យបានឆ្ងាយជាងមុន។
ជាមួយគ្នានេះ លោកជំទាវបានពាំនាំអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប្រធាន ដែលផ្ដាំផ្ញើ៖
ទី១- បន្តការខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតី ក្រុមសាមគ្គីអនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមករវាងគណៈកម្មាធិការសាខាអនុប្រធាន។
ទី២- បន្តការអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ដើម្បីផ្ដល់សេវាកម្មមនុស្សធម៌ ដល់ជនងាយរងគ្រោះ និងល្អបំផុត។
ទី៣- បន្តអនុវត្តសកម្មភាពមនុស្សធម៌ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងមូលដ្ឋាន ដែនដី រាជធានី-ខេត្ត។
ទី៤- ខិតខំកៀងគរមូលនិធិដើម្បីរកថវិកាទ្រទ្រង់សកម្មភាពសាខា។
ទី៥- បន្តថែរក្សាកិត្តិនាម កាកបាទក្រហមកម្ពុជាឱ្យសក្កិសមជាជំនួយការអាជ្ញាធរ សាធារណៈលើវិស័យមនុស្សធម៌គ្រប់ផែនការ៕