ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានជួបពិភាក្សាជាមួយលោក បេនដូ តាដាសាប៊ូរូ នាយកក្រុមហ៊ុនប៊ូគេននៃប្រទេសជប៉ុនដើមី្បវិនិយោគខ្សែកាបឬទោងទេសចរណ៍នៅរមណីយដ្ឋានធម្មជាតិភ្នំគូលេន។នេះបើតាមជំនួបរវាងអភិបាលខេត្តសៀមរាបនឹងអ្នកវិនិយោគជប៉ុនកាលថ្ងៃទី ២៥កន្លងទៅ។នៅក្នុងជំនួបនេះ លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ប៊ូគេន បានបញ្ជាក់ថា គម្រោងនេះជាការបង្កើននូវការងារដល់ប្រជាពលរដ្ឋមានភាពញញឹមដោយផ្សាភ្ជាប់ទៅនឹងរុក្ខជាតិនិងបរិស្ថានដែលគោលដៅនៃទស្សនៈរបស់គម្រោងមានកត្តា៤យ៉ាងដោយផ្តោតលើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តប្រកបដោយភាពញញឹមបង្កើតទេសចរណ៍ធម្មជាតិព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានភាពញញឹម , ការទទួលស្វាគមន៍ភ្ញៀវក្នុងភាពញញឹមដែលបានការងារធ្វើ និង បង្កើតការងារឲ្យបានច្រើនជូនដល់បងប្អូននៅក្នុងតំបន់នោះផងដែរ។គម្រោងនេះត្រូវបានធ្វើការសិក្សាស្វែងយល់តាមរយៈទេចរណ៍បែបធម្មជាតិដោយប្រើប្រាស់ធនធានព្រៃឈើក្នុងតំបន់ភ្នំគូលេនដើមី្បឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិនៅខេត្តសៀមរាបមានគោលដៅសំខាន់ៗ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់ភ្នំគូលេន ទាំងការអភិវឌ្ឍន៍ និង អភិរក្សនៅក្នុងតំបន់នោះ ។ ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប បានស្វាគមន៍ផងដែរ ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេនប្រទេសជប៉ុនដែលចង់វិនិយោគសម្រាប់វិស័យទេសចរណ៍នៅរមណីយដ្ឋានភ្នំគូលេន។ឯកឧត្តម ក៏បានស្នើរសុំឲ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យហ្មត់ចត់និងស៊ីជម្រៅ ទៅលើផលប៉ះពាល់បរិស្ថាន និង ការងារទេសចរណ៍ រួមទាំងកសិកម្ម មុននឹងកិច្ចដំណើរការវិនិយោគ លើខ្សែកាប ឬ ទោងទេសចរណ៍ ហើយក្រុមហ៊ុនក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើមី្បទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវកម្មទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ៕