នៅថ្ងែទី28-07-2017បុរសវ័យចំណាស់ជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធការរំលោភផ្លូវភេទលើកុមារ នៅប្រទេសរបស់ខ្លួន ហើយធ្វើដំណើរមកប្រទេសកម្ពុជាត្រូវបានកម្លាំងនគរបាលរបស់កម្ពុជា និងកម្លាំង FBI របស់អាមេរិក តាមទៅចាប់ខ្លួនបានហើយ នៅខេត្តបាត់ដំបង។លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអោយដឹងថា «នៅថ្ងៃ28-07-2017កម្លាំងនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរដែនដី ព្រមទាំងមានការសហការ ជាមួយស្ថាប័ន FBI ប្រចាំស្ថានទូតអាមេរិក បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ១៩៤ របស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទីតាំងក្រុម២១ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង»។លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បុរសជនបរទេសរូបនេះមានឈ្មោះ Robert James Boehnlein កាន់លិខិតឆ្លងដែនលេខ 506090676 ពីបទរំលោភផ្លូវភេទលើកុមារ នៅសហរដ្ឋអាមេរិក ហើយក្រោយការឃាត់ខ្លួន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕