សន្និសីទលើកទី៦ នៃគណ:កម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា ឡាវ វៀតណាម បានបើកជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍(CLV)ដែលរដ្ឋាភិបាលប្រទេសទំាងបីបានបង្កើតឡើងតំាងពីឆ្នាំ១៩៩៩ មកនោះ។សន្និសីទដែលមានប្រធានបទថា “ការពង្រឹងតួនាទីត្រួតពិនិត្យរបស់សភាចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ត្រីកោណ នៃប្រទេសកម្ពុជា‑ឡាវ‑វៀតណាម”បានរៀបចំធ្វើនៅក្នុងសណ្ឋាគារដួងច័ន្ទផាលេសក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក សែងនួន សៃ យ៉ាឡាត់ (Sengnoaune XAYALAT) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានវត្តមានប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទំាងបីកម្ពុជា ឡាវ វៀតណាមចូលរួម។ព្រមទំាងមានគណៈប្រតិភូតំណាងប្រទេសនីមួយៗដែលពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណនេះចូលរួមដែរ ដូចជាអាជ្ញាធរខេត្តស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទំាងបីជាដើម។សូមជម្រាបថារដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV)រួមគ្នា នៅឆ្នាំ១៩៩៩ ដែលមានខេត្តចំនួន១៣ នៃប្រទេសទំាងបីជាចំណុះក្នុងនោះកម្ពុជាមាន៤ខេត្តគឺ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ប្រទេសឡាវមាន៤ខេត្ត ចំណែកប្រទេស វៀតណាម មាន៥ខេត្ត។គួរបញ្ជាក់ថាគណៈប្រតិភូសភាកម្ពុជាចូលរួមសនិ្នសីទនេះ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា៕
ព័ត៌មានសំខាន់ កម្ពុជា-ឡាវ-វ...