បាកដាដ៖ កងយន្តហោះចម្បាំងអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រឆាំងនឹងក្រុម ISIS នៅតំបន់ភាគខាងលិចប្រទេសក្បែរព្រំដែនស៊ីរី ដែលជាលទ្ធផលបានកម្ទេចទីតាំងជាច្រើនរបស់ ISIS និងបានសម្លាប់ជីវិតក្រុមសកម្មប្រយុទ្ធជ្រុលនិយមនេះប្រមាណ ៣០៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។ ក្រុមយន្តហោះចម្បាំងរបស់កងទ័ពជើងអាកាសអ៊ីរ៉ាក់ បានចេញធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែកចំនួន ៤២លើក ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍ ក្នុងអំឡុងពេលចន្លោះពីថ្ងៃទី១១-ថ្ងៃទី១៦ ខែកញ្ញា ពោលគឺកាលពីសប្តាហ៍មុននេះ ប្រឆាំងនឹងទីបញ្ជាការ រួមទាំងកន្លែងលាក់ខ្លួនរបស់ក្រុម ISIS នៅក្នុងតំបន់ អាកាហ្សាត (Akashat), អាអាណា (Aana), និង អាល់គីអាម (Al-Qiam )ក្នុងខេត្ត អាន់បារ (Anbar) នៃប្រទេសអ៊ីរ៉ាក់ ខណៈការវាយប្រហារចំនួន ០៦ ក្នុងចំណោមនោះ មានគោលដៅលើទីតាំងរបស់ ISIS ក្នុងតំបន់ ម៉ាយ៉ាឌីន (Mayadeen) នៅភាគខាងកើតស៊ីរី។ គួរបញ្ជាក់ថា កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ទើបតែបានវាយបណ្តេញក្រុម ISIS ចេញទីក្រុងសំខាន់ៗមួយចំនួន នៃខេត្ត Anbar រួមមានទាំងក្រុង រ៉ាម៉ាឌី (Ramadi) និង ហ្វាលលូហ្សាហ៍ (Fallujah) ដែលនៅក្បែរគ្នា ក៏ប៉ុន្តែតំបន់ដទៃទៀតនៅជាប់ព្រំដែនប្រទេសស៊ីរី ដោយក្នុងនោះមាន Aana, រ៉ាវ៉ា (Rawa), និង al-Qaim ក៏ដូចជាតំបន់ធំៗជាច្រើនទៀត នៅទូទាំងខេត្ត Anbar កំពុងស្ថិតក្រោមការកាន់កាប់របស់ពួកសកម្មប្រយុទ្ធ ISIS នៅឡើយទេ៕