ព្រះសីហនុ : ឋិតក្នុងទឹកសមុទ្រពណ៌ខៀវស្រងាត់និងព្រៃឈើដ៏ស្រស់បំព្រង កោះតាងត្រូវបង្ហាញខ្លួនឡើងជាមួយសម្រស់ដ៏ពិសិដ្ឋទាក់ចិត្តអ្នកទេសចរគ្រប់ប្រាណឱ្យចង់ទស្សនាហើយមកទស្សនាទៀតមិនជិនណាយ ពិសេសគឺសម្រស់ដ៏ស្រស់បំព្រងនៅបាតសមុទ្រតែម្ដង។
ម្ចាស់ Page ដែលមានឈ្មោះថា ទៀ សុខា – Tea Sokha បានសរសេររៀបរាប់ទាំងមោទនភាពជាតិយ៉ាងដូច្នេះ “កន្លងមកខ្ញុំធ្លាប់តែទស្សនារូបភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាតនៅប្រទេសគេតាមរយៈកញ្ចក់ទូរទស្សន៍ តែពេលនេះខ្ញុំបានមើលឃើញដោយផ្ទាល់នូវទេសភាពដ៏ស្រស់ត្រកាលនៃហ្វូងមច្ឆា ផ្កាថ្ម និងពពួកសត្វជាច្រើនទៀតក្នុងបាតសមុទ្រកោះតាង ខេត្តព្រះសីហនុរបស់កម្ពុជាយើង។ ហ្វូងមច្ឆា ផ្កាថ្ម និងជីវចម្រុះក្នុងបាតសមុទ្រកោះតាងនេះ ពិតជាស្រស់ស្អាតណាស់មិនចាញ់បាតសមុទ្រប្រទេសដទៃទៀតនោះទេ។ សូមចូលរួមជួយការពារធនធានធម្មជាតិ និងបរិស្ថានរបស់កម្ពុជាយើង ដើម្បីខ្លួនឯង ដើម្បីកូនចៅយើងនិងដើម្បីប្រទេសជាតិយើង។ ខ្ញុំសូមប្តេជ្ញាថា នឹងការពារថែរក្សាធនធានធម្មជាតិបាតសមុទ្ររបស់កម្ពុជាយើងឱ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើបាន ហើយសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សធនធានបាតសមុទ្រ និងគាំទ្រចំពោះគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ ដើម្បីទុកជាមរតកដល់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយ” ។
ជាមួយនឹងសម្បត្តិធម្មជាតិដ៏ពិសិដ្ឋដែលមាននៅទឹកដីខ្មែរ គ្រប់គ្នាតែងមានមោទនភាពយ៉ាងក្រៃលែង ហើយគ្រប់គ្នាតែមិនចង់ឱ្យវាបាត់បងទៅវិញដោយប្រការណាមួយឡើយ។ ទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងដែលចិញ្ចឹមប្រជាជនខ្មែរឱ្យបានធំធាត់សេដ្ឋកិច្ចឥតស្គាំងស្គមបាន។