លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងស្នើឲ្យមានការដាក់បេក្ខភាពស្រ្តីជា អភិបាលរងខេត្ត ជាអគ្គមេបញ្ជាការរង ជានាយសេនាធិការរង ទន្ទឹមនោះអង្គភាពកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្ត ក៏គួរមានស្រ្តីឈរនៅតំណែងរងផងដែរ ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ដែលជាលទ្ធផល ការចូលរួមរបស់ស្រ្តីមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណ និងគុណភាព។
លោកជំទាវ មានប្រសាសន៍បន្តថានេះជាចំនុចគន្លឹះ ដ៏មានសារៈសំខាន់ និងចាំបាច់បំផុតក្នុង ការកាត់បន្ថយភាពក្រីក្រ និងឈានទៅលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាឆ្ពោះទៅបង្កើនសេចក្តីសុខចំរើនដល់ប្រជាជនគ្រប់រូប ជាពិសេសស្រ្តី និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ហើយនៅក្នុងឆ្នាំ២០១៧នេះ ជាឆ្នាំទី២ នៃការអនុវត្តក្របខណ្ឌថ្មីជាសកល គឺគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី និងកុមារី ដើម្បីបង្កើននូវ លក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមភាពរវាងស្ត្រី និងបុរសក្នុងគ្រប់ទិដ្ឋភាពទាំងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ។
លោកជំទាវក៏បានអំពាវនាវឲ្យអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវពង្រឹង និងពង្រីកនូវកិច្ចសហការឲ្យបានកាន់តែប្រសើរបន្ថែមទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការបន្តអនុវត្តភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ និងបង្កើតសមិទ្ធផលថ្មីៗថែមទៀតក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ និងវិបុលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារ ខ្មែរ។ ជាពិសេសលោកជំទាវបានអំពាវនាវដល់ស្ត្រីជាម្តាយគ្រប់គ្នាមិនត្រូវលក់ទឹកដោះដ៏មានតម្លៃ ដើម្បីយកលុយបន្តិបន្តួច ហើយផ្តាច់ចេញពីមាត់កូនរបស់ខ្លួននោះទេ។ ព្រោះ «ទឹកដោះម្តាយថ្លៃណាស់ ក្នុងការចិញ្ចឹមកូន បង្កើនសុខភាព និងភាពវៃឆ្លាតរបស់កូនៗយើង។ ដូច្នេះសូមស្ត្រីជាម្តាយទាំងឡាយ បញ្ឈប់ការលក់ទឹកដោះរបស់ខ្លួនទៅ!…»៕